ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ដាក់អនុសាសន៍១៣ចំណុច ដើម្បីដោះស្រាយញ្ហាប្រឈមដែលមូលនិធិជនពិការ បានជួបប្រទះកន្លងមក


(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានលើកឡើងថា ដើម្បីសម្រេចបាននូវ ទិសដៅដែលបានដាក់ចេញសម្រាប់ការអនុវត្តឆ្នាំ ២០២៦ និងដោះស្រាយបាននូវបញ្ហាប្រឈម ដែលមូលនិធិជនពិការ បានជួបប្រទះកន្លងមក លោកសូមផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួនដូចតទៅ៖

១-ត្រូវសហការសិក្សារៀបចំ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តរួមមាន៖ ចាត់វិធានការសមស្រប ចំពោះក្រសួង ស្ថាប័ន និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចជ្រើសរើសជនមានពិការភាពចូលបម្រើការងារនិងការផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយថ្លៃអាហារនិងសោហ៊ុយធ្វើដំណើរសម្រាប់ជនពិការមកទទួលសេវានៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មរាជធានី ខេត្តឱ្យបានសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងរបស់ប្រទេសជាតិ។

២-បង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាប្រកបដោយគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងប្រទេស និងមានមូលដ្ឋានឈានទៅធ្វើការប្រកួតប្រជែង នៅលើទីផ្សារសេរី និងនាំចេញទៅលក់នៅក្រៅប្រទេស។

៣-ពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពប្រកបដោយគុណភាព និងទាន់ពេលវេលា ព្រមទាំងបង្កើនការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមសហគមន៍បន្ថែមទៀត ដើម្បីឱ្យជនមានពិការភាពមានភាពងាយស្រួលក្នុងការទទួលសេវា។

៤-ពិនិត្យ និងរៀបចំកែលម្អទីតាំង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានី ខេត្ត ឱ្យបានសមស្របទៅតាមការរីកចម្រើន របស់ប្រទេសជាតិ។

៥-បន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការដៃគូពាក់ព័ន្ធ ដែលជួយគាំទ្រដល់វិស័យស្ដារលទ្ធភាពពលកម្មកាយសម្បទា។

៦-បង្កើនការសាងសង់ផ្ទះ ជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ឱ្យបានច្រើនជាងឆ្នាំមុនៗ។

៧-ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយរអង្គការដៃគូ ភាគីពាក់ព័ន្ធនានា និងផ្នែកឯកជនធ្វើការសិក្សានិងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ដើម្បីកៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់វិស័យពិការភាព។

៨-ពង្រឹងការគ្រប់គ្រងនិងបង្កើនការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ នៅតាមសាខារាជធានី ខេត្ត ដើម្បីកៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់គម្រោងផ្សេងៗ ដែលជួយដល់ជនមានពិការភាព និងដើម្បីធានានិរន្តភាពការងារស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។

៩-សិក្សាស្រាវជ្រាវ និងវាយតម្លៃជនពិការក្រីក្រនៅតាមសហគមន៍ ដើម្បីជំរុញការអនុវត្តគម្រោងផ្តល់ទុន ឬប្រាក់កម្ចី ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតមុខរបរសមស្របសម្រាប់ជនពិការ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់។

១០-បង្កើនការផ្សព្វផ្សាយលើសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ និងសាធារណជនឱ្យបានកាន់តែទូលំទូលាយ។

១១-បង្កើនការលើកកម្ពស់ធនធានមនុស្សផ្នែកបច្ចេកទេសអវយវៈសិប្បនិម្មិតនិងរណប ដើម្បីពង្រឹងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

១២-ត្រូវយកចិត្តទុកដាក់បង្កើនការផ្គត់ផ្គង់សម្ភារៈបច្ចេកទេសមួយចំនួនដែលបម្រើឱ្យការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។

១៣-ត្រូវពិនិត្យរៀបចំឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនរបស់មន្ត្រីនៃមូលនិធិជនពិការ នៅតាមបណ្តារាជធានី-ខេត្ត។

ឯកឧត្តមបានលើកឡើងបែបនេះថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ ទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងឳកាសនោះ ឯកឧត្តមបានយល់ឃើញថា លទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២៦ របស់មូលនិធិជនពិការ មិនត្រឹមតបាន ឆ្លុះបញ្ចាំងនូវសមិទ្ធផលការងារសម្រេចបាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានចង្អុលបង្ហាញនូវទិសដៅ ជាច្រើនទៀត ដែលយើងទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់ ពង្រឹង និង ពង្រីក ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស សំដៅឈានទៅសម្រេចឱ្យបាននូវគោលដៅ ដែលធ្វើឱ្យប្រសើរឡើង សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា នៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ សុខយូរ សូមលើកទឹកចិត្ត អង្គភាពនានា ដែលបំពេញការងារលើវិស័យពិការភាព ទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អ និងសុខដុមនីយកម្មជាប្រព័ន្ធតួអង្គតែមួយ ដើម្បីដោះដើម្បីជំរុញការអនុវត្តកិច្ចការនេះឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង
បន្ថែមទៀត ។ ជាមួយគ្នានេះ ខ្ញុំក៏សូមជំរុញឲ្យមានការចាប់យកប្រព័ន្ធឌីជីថល ឬពង្រឹងការងារតាមបច្ចេកវិទ្យាព័ត៌មាន ដែលជាកត្តាចម្បង ក្នុងការពង្រឹងគុណភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ក្នុងការគ្រប់គ្រងការងារស្តារលទ្ធភាពពលកម្មកាយសម្បទា៕