(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងរយៈពេលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង ប្រទេសចិន តាមការពិនិត្យដោយយកចិត្ត ទុកដាក់ល្អិតល្អន់ជាទីបំផុត ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េ បានបញ្ជាក់ថា ការពិនិត្យព្រះរាជសុខភាពថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ នៅមានបញ្ហាសុខភាពមួយចំនួន ដែលត្រូវតាមដានពិនិត្យ និងព្យាបាលជាបន្តទៀត។
ក្រសួងព្រះបរមរាជវាំងបានបញ្ជាក់ថា «តាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គគង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ ទៅកាន់មាតុប្រទេស នៅពេលនេះបានទេ»។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សូមផ្ញើសេចក្តីនឹករលឹកជា ពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងសូមប្រកប ដោយព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀង ឃ្លាតឡើយ៕


