(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការកោតសរសើរសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។
សម្តេចតេជោ បានកោតសរសើរបែបនេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Funiakia ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរ និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦នេះ។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់លោកប្រធានសមាគម ហើយសម្ដេចក៏បានពេញចិត្តចំពោះវឌ្ឍភាពរបស់សមាគម ដែលបានរីកចម្រើនតាំងពីបង្កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានទាក់ទាញអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុនមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
សម្ដេចបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ទន្ទឹមជាមួយនឹងរដ្ឋាភិបាលជប៉ុនដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងផ្ដល់ជំនួយដល់កម្ពុជា ប៉ុន្តែនិយាយដោយឡែកសមាគមនេះ បានចូលរួមនៅក្នុងការជ្រោមជ្រែងអភិវឌ្ឍកម្ពុជាបានច្រើន។
សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសធុនតូចនិងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ពីព្រោះសម្ដេចតេជោតាំងពីធ្វើជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើការវិនិយោគទៅលើសហគ្រាសខ្នាតតូចនិងមធ្យមនេះ ដែលជំរុញឲ្យមានការវិនិយោគយ៉ាងផុសផុល ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាស ខ្នាតតូចនិងខ្នាតមធ្យម គឺជាចលករនៃការជ្រោមជ្រែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ បានជូនពរឲ្យលោកប្រធានសមាគម និងសហការី បានបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ហើយនឹងដឹកនាំសមាគមន៍ទាក់ទាញអ្នកវិនិយោគឲ្យវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានសមាគមបានសម្ដែងនូវការអរគុណជាពន្លឹកចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ បន្ថែមពីនេះ លោកក៏បានរាយការណ៍ជូនសម្ដេចតេជោ នូវវឌ្ឍនភាពរបស់សមាគមកន្លងមកផងដែរ។
ឯកឧត្តមបានសម្តែងក្តីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា រូបលោកនិងសហការីនៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗ តែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់នៅក្នុងប្រទេសមួយនេះ ដែលឯកឧត្តមមានមោទនភាព ហើយដែលរូបឯកឧត្តមផ្ទាល់និងសហការី បានចូលរួមចំណែកនៅក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមករកស៊ីនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមក៏បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា ពោលគឺនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូចនិងមធ្យម ដែលជាចំណុចស្នូល ហើយដែលសមាគមជប៉ុន-កម្ពុជាចាប់អារម្មណ៍ ស្របពេលសមាគមរបស់ឯកឧត្តមកំពុងតែជំរុញទៅលើការវិនិយោគខ្នាតតូច និងខ្នាតមធ្យមនេះ នៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន។ ទន្ទឹមទៅនេះ លោកក៏បានសរសើរចំពោះសក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលឯកឧត្តមបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសនៃបច្ចេកទេសបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឲ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀត ដើម្បីនាំចេញក្រៅប្រទេស៕





















