(ភ្នំពេញ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំប្រតិភូ មន្ត្រីរាជការ និងវិស័យឯកជន ចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសប្បុរស។
សកម្មភាពមនុស្សធម៌ និងការជួបជុំដ៏ធំនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាទីតាំងជំរុំសរុបចំនួន ១២ កន្លែងផ្សេងៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ មិនត្រឹមតែបាននាំយកនូវអំណោយដ៏ថ្លៃថ្លាទៅចែកជូនបងប្អូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំជាអាហារសាមគ្គី រួមជាមួយការសម្តែងសិល្បៈវប្បធម៌យ៉ាងសម្បូរបែប រួមមានការប្រគុំតន្រ្តីស្គរដៃ និងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា» ដើម្បីបង្ហាញពីការរួមសុខរួមទុក្ខ និងការមិនបោះបង់បងប្អូនប្រជាពលរដ្ឋក្នុងកាលៈទេសៈណាក៏ដោយ។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ដូនតាខ្មែរ ឱ្យនៅតែបន្តស្ថិតស្ថេរក្នុងស្រទាប់មហាជនគ្រប់រូប។
ការអញ្ជើញចុះសួរសុខទុក្ខដល់ទីតាំងផ្ទាល់ និងការរៀបចំកម្មវិធីសប្បាយៗជូនដល់លោកយាយលោកតា អ៊ំពូមីង និងបងប្អូនជនភៀសសឹកនាពេលនេះ គឺជាកាដូដ៏មានអត្ថន័យបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសបញ្ជាក់ឱ្យឃើញពីការផ្តល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខុមាលភាព និងសេចក្តីសុខរបស់ប្រជាជននៅគ្រប់ទិសទី៕











