នាថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាព (PMU) នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពនៃផែនការសកម្មភាពការងារ និងដាក់ចេញនូវទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសលើកិច្ចការងារស្នូលដែលផ្ដោតលើការបម្រើផលប្រយោជន៍ផ្ទាល់ជូនប្រជាពលរដ្ឋ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមការងារ PMU ទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងលើការងារបច្ចេកទេស និងការគ្រប់គ្រង ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបង្ហាញឱ្យឃើញនូវស្នាដៃការងារពិតប្រាកដ និងបន្តពង្រឹងទំនុកចិត្តកាន់តែរឹងមាំជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ៕


