នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងទីប្រឹក្សាបច្ចេកទេស ចុះបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដែលរួមមានបណ្តាញប្រឡាយមេ និងប្រឡាយរងប្រទាក់ក្រឡាគ្នា ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គម្រោងនេះ មិនត្រឹមតែជួយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវសន្តិសុខទឹកប្រកបដោយចីរភាព សម្រាប់បម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ពហុវិស័យ ដែលជាតម្រូវការជាសារវន្តរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ទន្ទឹមនឹងការចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនម៉ៅការអនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយតម្កល់ទិដ្ឋភាពសុវត្ថិភាព និងបរិស្ថានជាចម្បង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា គុណភាពសំណង់ត្រូវតែរឹងមាំតាមស្តង់ដារវិស្វកម្ម និងត្រូវបញ្ចប់តាមកាលវិភាគដែលបានកំណត់ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាកសិករបានទាន់ពេលវេលា៕


