ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក


នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការសម្អាតទន្លេ ក្រោមប្រធានបទ «ការលើកកម្ពស់ទេសចរណ៍ទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា» ដែលជាការរួមចំណែកក្នុងយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជន សំដៅលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា និងបន្តរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហៃ អភិបាលរង តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោក Shakeel AHMAD តំណាងអង្គការUNDPប្រចាំកម្ពុជា និងឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី បងប្អូនប្រតិបត្តិករទូកទេសចរណ៍, លោកនូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេ សមុទ្រ, និងប្អូនៗ ក្មួយៗ យុវជនស.ស.យ.ក. យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិប្រមាណជាង ៦០០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទន្លេ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញ, ដូចជា តាមរយៈ ការធ្វើដំណើរកម្សាន្តតាមនាវា, ការទស្សនាថ្ងៃរៀបលិចលើផ្ទៃទឹក និងការស្វែងយល់ពីជីវភាពសហគមន៍តាមដងទន្លេ បានក្លាយជាបទពិសោធដែលមិនអាចខ្វះបាន សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនារាជធានីភ្នំពេញ។ ទន្លេ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពរុងរឿង និងការអភិវឌ្ឍប្រកបដោយតុល្យភាព រវាង ទំនើបកម្មទីក្រុង និងការរក្សាបេតិកភណ្ឌធម្មជាតិ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់ជូនដែរថា ការរក្សានិរន្តរភាព និងសុខុមាលភាពនៃប្រព័ន្ធ អេកូឡូស៊ីទន្លេ គឺជាកិច្ចការពារបរិស្ថានផង និងជាការការពារអនាគតនៃវិស័យទេសចរណ៍ ការធានានូវនិរន្តរភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមនុស្សជាតិគ្រប់ជំនាន់ ស្របតាមពាក្យស្លោករបស់យុទ្ធនាការរបស់យើង គឺ «ទន្លេដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីប្រជាជន និងប្រជាជនដើម្បីទន្លេគ្មានប្លាស្ទិក» ដែលបង្ហាញពីការភ្ជាប់គ្នារវាងការអភិវឌ្ឍទេសចរណ៍ ការរស់នៅរបស់ប្រជាជន និងការពារបរិស្ថានទន្លេឱ្យស្អាតបរិសុទ្ធ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមយកឱកាសនេះគូសរំលេចជូនបន្ថែមថា យុទ្ធនាការសម្អាតទន្ល ពិតជាបានចូលរួមចំណែកនៅក្នុង យុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងផលិតផលទេសចរណ៍នៅតាមបណ្តាទីក្រុង និងទីប្រជុំជន សំដៅលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា និងបន្តរក្សាបាននូវឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។