ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងខេត្តបាត់ដំបង ដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ NR.57B1-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង មានប្រវែងសរុប ៩,៩០៧គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិរូងជ្រៃ ឃុំរូងជ្រៃ ទៅដល់ភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ដោយមានអ្នកទទួលផលផ្ទាល់ចំនួន ១ ៦៧២គ្រួសារ ស្មើនឹង ៥ ៣១៨នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៥ ៥៦០គ្រួសារ ស្មើនឹង ៣០ ៨៧៥នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៥៧% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ នេះ។
ខ្សែទី២៖ ឈ្មោះផ្លូវ NR.57B-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង មានប្រវែងសរុប ១០,៤០៤គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទៅដល់ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ដោយមានអ្នកទទួលផលផ្ទាល់ចំនួន ២ ១២៦គ្រួសារ ស្មើនឹង ៩ ៥៥៤នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ០៨៧គ្រួសារ ស្មើនឹង ៤ ៣៥៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៥៤% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ។ ជារួមដោយផ្លូវទាំងពីរខ្សែនេះ ប្រទាក់ក្រឡាភ្ជាប់គ្នាមានប្រវែងសរុប ជាង ២០គីឡូម៉ែត្រ ដូចនេះ ផ្លូវទាំងពីរនឹងផ្តល់ផលប្រយោជន៍ផ្ទាល់ជូនប្រជាជនចំនួនសរុប ៣ ៧៩៨ គ្រួសារ ស្មើនឹង ១៤ ៨៧២នាក់ និងប្រយោលប្រមាណ ៦ ៦៤៧គ្រួសារ ស្មើនឹង ៣៥ ២៣៤នាក់។
ផ្លូវទាំង២ខ្សែ ខាងលើនេះ ត្រូវបានអនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។
ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវនោះ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿន ស្របតាមកិច្ចសន្យាការងារ ដើម្បីបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕


















