សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនា «ភូមិមួយផលិតផលមួយ» និងពាវនាវបន្តគាំទ្រផលិតផលខ្មែរ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

សម្តេចបន្ថែមថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖

១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ នឹងជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋខ្មែរឱ្យកាន់តែប្រសើរឡើង និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗនៅតាមតំបន់ជនបទ។

២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួង ទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថាប័នផ្សេងៗ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានគុណភាពខ្ពស់ មានសមត្ថភាពប្រកួតប្រជែងបានល្អ និងពង្រីកឱកាសទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការសហការរួមគ្នានេះ គួរត្រូវបានធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីធានាថា ផលិតករខ្មែរទទួលបានជម្រើស និងឱកាសពាណិជ្ជកម្ម កាន់តែច្រើន។

៣- គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ត្រូវបន្តធ្វើការងារយ៉ាងសកម្ម និងដោយការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរក និងជ្រើសរើសផលិតផលសក្តានុពលនៅតាមមូលដ្ឋាន ដើម្បីដាក់បញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ។ ត្រូវពង្រីកបណ្តាញសមាជិកឱ្យទូលំទូលាយ និងធ្វើ អន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់អ្នកផលិតឱ្យបានទាន់ពេលវេលា។ ការងារនេះគួរត្រូវបានអនុវត្តដោយ មានចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្របច្ចេកទេសត្រឹមត្រូវ។

៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី ខេត្ត ដើម្បីរៀបចំព្រឹត្តិការណ៍តាំងបង្ហាញ និង លក់ផលិតផលខ្មែរ និងផលិតផលភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយនៅតាមតំបន់មានសក្តានុពល។ ព្រឹត្តិការណ៍ទាំងនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់ការទទួលស្គាល់ និងការចូលទីផ្សាររបស់ផលិតផល ខ្មែរឱ្យកាន់តែទូលំទូលាយ ព្រមទាំងជួយបង្កើនភាពជឿជាក់ និងស្តង់ដាថ្មីសម្រាប់ផលិតករខ្មែរទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។

ជាមួយគ្នានេះសម្តេចបានស្នើដល់បងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយ និងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន៕