ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Vladanka Andreeva


នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូតំណាងកម្មវិធីស្បៀងអាហារពិភពលោក(WFP) អង្គការស្បៀងអាហារ និងកសិកម្ម( FAO) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្វែងរកឱកាសសហការបន្ថែម។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអង្គការសហប្រជាជាតិ និងបានអបអរសាទរលោកស្រី Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះស្ថាប័ននានាក្រោមឆត្រអង្គការសហប្រជាជាតិ ដែលតែងតែគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ការការពារសង្គម និងការពង្រឹងអាហារូបត្ថម្ភដែលធន់នឹងអាកាសធាតុក្នុងតំបន់ ជាពិសេសការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ចំពោះការអភិវឌ្ឍ និងការងារមនុស្សធម៌នៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូពីអាទិភាពសំខាន់ៗរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការធានាសន្តិសុខទឹកតាមរយៈការសាងសង់ ការស្តារឡើងវិញ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រពេញលេញ ការពង្រឹងសេវាជលសាស្ត្រនិងឧតុនិយម ការអភិវឌ្ឍនិងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់និងគោលនយោបាយ ការលើកកម្ពស់សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍និងស្ថាប័ននានា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយ អង្គការសហប្រជាតិលើវិស័យធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការរៀបចំផែនការនិងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់ទាំងអស់គ្នា (EW4ALL roadmap) សម្រាប់ប្រទេសកម្ពុជា ព្រមទាំងបាននិងកំពុងអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់(CAISAR) ក្រោមហិរញ្ញប្បទានពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)៕