សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Min Aung Hlaing ដែលទើបជាប់បោះឆ្នោតជាប្រធានាធិបតីមីយ៉ាន់ម៉ា


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ លោក Min Aung Hlaing ដែលទើបត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសាទាំងស្រុងថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវ ការអបអរសាទរយ៉ាងស្មោះសរជូនចំពោះ ឯកឧត្តម ដែលត្រូវបានសភាមីយ៉ាន់ម៉ា បោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ព្រមទាំង មិត្តភាពដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជ្រៅដោយភាពជារួមនៃសាសនា និងវប្បធម៌ ក៏ដូចជាការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងទាំងនេះ និងកិច្ចសហប្រតិបត្តិការ នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់ ឯកឧត្តម ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែង បន្ថែមទៀតសម្រាប់ប្រជាជាតិយើងទាំងពីរ។

ខ្ញុំត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនយើងទាំងពីរ ដែលតាមរយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុត និងសូមជូនពរ ឯកឧត្តម ទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម»៕