សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបជាប់ឆ្នោតសាជាថ្មី ជាប្រធានរដ្ឋសភាវៀតណាម


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូនលោក Tran Thanh Man ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយក្នុងការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម ដែលត្រូវបានបោះឆ្នោតជ្រើសរើស សាជាថ្មីជាប្រធានរដ្ឋសភា នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។ ការជាប់ ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម បានបង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់គណបក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឆ្នើមរបស់ ឯកឧត្តម និងការបន្តប្តេជ្ញាចិត្តរបស់ ឯកឧត្តម ក្នុងការលើកកម្ពស់តួនាទីរបស់រដ្ឋសភា ដើម្បីសម្រេចបាននូវវិបុលភាពកាន់តែធំធេង សម្រាប់ប្រជាជនវៀតណាម។

ទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង តែងតែបានរួមចំណែកយ៉ាងសំខាន់ចំពោះ ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីជារួមរបស់យើង ដោយបានលើកកម្ពស់ការយោគយល់គ្នា និងការជឿ ជាក់គ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ព្រមទាំងបាននាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន យើងទាំងពីរ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការសភារបស់យើងបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិរបស់យើង ដែលតាមរយៈនេះ នឹងបានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរឯកឧត្តមមានសុខភាពល្អ សុខសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច»៕