អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់ខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺមិនមែនតែនៅទីតាំង «នគរសង្ក្រាន្ត» !


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឆ្នាំ២០២៦នេះ គឺមិនមែនតែនៅទីតាំង «នគរសង្ក្រាន្ត» ៦ទីតាំង ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ ខណៈឯកឧត្តមអភិបាលអញ្ជើញជាអធិបតី ក្នុងអង្គប្រជុំពិភាក្សា ស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលារាជធានីភ្នំពេញ និងដោយមានការអញ្ជើញចូលរួមពីលោក ឌី វិជ្ជាសមាជិកគណៈអចិន្ត្រៃយ៌សហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកការងារសន្តិសុខ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងទៀតថា នៅរាជធានីភ្នំពេញ មានវត្តអារាម ចំនួន១៥១វត្ត ប្រជាពលរដ្ឋក្រៅពីមកដើរលេងកំសាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់សប្បាយភាព៥ទីតាំងទៀត ដែលរៀបចំឡើងដោយ (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយនោះ ពួកគាត់អាចដើរលេងកំសាន្ត នៅតាមបណ្តាវត្តអារាមទាំងនេះ ឬនៅកន្លែងសប្បាយភាពផ្សេងទៀត។

ដូច្នេះសូមអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនថានៅទីតាំង «នគរសង្ក្រាន្ត» ឬទីតាំងសប្បាយភាពផ្សេងៗទៀតឡើយ។ ក្រៅពីការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយ យើងក៏មិនភ្លេចការ បោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ដែរ។

ក្រៅពីការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋហើយ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរផ្សព្វផ្សាយណែនាំដល់ក្រុមហ៊ុនឯកជននានា តាមភោជនីយដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំតុបតែង តាំងលម្អរភ្លើងព័ណទង់ជាតិ ទង់ជ្វាលា ហើយតាមផ្ទះប្រជាពលរដ្ឋត្រូវដាក់ទង់ជាតិគ្រប់ផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មី។

មន្ទីរសាធារណការបូមលូ ការបំបាត់ក្លិនស្អុយ និងសហគ្រាមសំណល់រឹង គិតគូរពីការប្រមូលសំរាមនៅទីតាំងសប្បាយភាពទាំងអស់នេះ ជាពិសេសធុងសំរាមកុំឱ្យហៀរធ្លាក់ផងដែរ។ ក្នុងនោះដែរ អាជ្ញាធរខណ្ឌត្រូវណែនាំប្រជាពលរដ្ឋ មុនចេញពីផ្ទះត្រូវពន្លត់ភ្លើងទៀន ធូប បិទភ្លើងដើម្បីទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ ។

គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងផ្លូវ១៥៥បរិវេណផ្សារទួលទំពូង។

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈ វប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕