ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រនានា ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកពារាំង ខេត្តព្រៃវែង។
ការចុះសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្តព្រៃវែងជាមួយកម្មករនេះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកកំចាយមារ អភិបាលស្រុកស្វាយអន្ទរ អភិបាលស្រុកពារាំង នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក និងក្រុមការងារ ព្រមទាំងបងប្អូនអ៊ុំពូមីង កម្មករ-កម្មការិនីរោងចក្រទាំងបីទីតាំងផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះការខិតខំបំពេញការងាររបស់បងប្អូនកម្មករកម្មការិនី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តម សួន សុម៉ាលីន ក៏បានផ្តាំផ្ញើឱ្យបងប្អូនកម្មករទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្តព្រៃវែង និងលោកជំទាវ ក៏បានផ្តល់ជូននូវអំណោយអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរ។
សូមបញ្ជាក់ថា៖ ឯកឧត្តមអភិបាលខេត្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មកររោងចក្ររួមមាន៖
*រោងចក្រ អរិន មេនូហ្វេកធីវី (ខ្មែរ) ខូអិលធីឌី នៅឃុំស្មោងខាងជើង ស្រុកកំចាយមារ។
*រោងចក្រ ថបស៊ីលវើរ លីមីធីត នៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
*រោងចក្រ ស៊ីន ហ្សេងដា ថេកណឡូជី ឯ.ក នៅស្រុកពារាំង។ ដែមានកម្មករ-កម្មការិនី សរុបចំនួន ២.៨៤០នាក់ ក្នុងនោះស្រីមានចំនួន ២.២៩០នាក់ និងស្រី្តមានផ្ទៃពោះមានចំនួន ៦៣នាក់៕





















