នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹក នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូនតេជោ ដោយមានវត្តមានចូលរួមពីតំណាងក្រសួងធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនហ្វូណនតេជោ អ៊ីនឡេន វ័រធវេយ អេន ឡូជីស្ទីក ឯ.ក និងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។
សូមបញ្ជាក់ថា លទ្ធផលនៃការសិក្សាបឋមរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម មានប្រព័ន្ធធារាសាស្ត្រចំនួន ២៨ ប្រព័ន្ធ ដែលគ្របដណ្ដប់លើផ្ទៃដីស្រោចស្រពសរុប ៣៩ ៦៧៨ហិកតា នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោទទួលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ក៏មានផលប៉ះពាល់ដល់ប្រភពទឹក និងប្រព័ន្ធដោះទឹកជំនន់ធម្មជាតិសំខាន់ៗដែលមានទំនាក់ទំនងជាមួយគម្រោងដែរ គឺ ផ្លូវទឹកធម្មជាតិតូចធំចំនួន ២២កន្លែង ស្ទឹងព្រែកត្នោត និងព្រែកនាំដីល្បាប់ចំនួន ៩៩ព្រែក៕


