សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក U Aung Lin Dwe ដែលទើបជាប់ឆ្នោតជ្រើសតាំង ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរជូនលោក U Aung Lin Dwe ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសព្ទសាធុការពរជូនដល់ឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន ព្រឹទ្ធសភានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ព្រឹទ្ធសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍជាតិ និងលើកកម្ពស់បន្ថែមនូវវិបុលភាពរបស់ ប្រជាជនមីយ៉ាន់ម៉ា។

ខ្ញុំផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ រវាងប្រទេសយើងទាំងពីរ ដែលមានឫសគល់ នៅក្នុងតម្លៃវប្បធម៌ និងសាសនារួមគ្នា ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការ ដែលផ្តល់ឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ។

ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការសភា ដែលនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើង សម្រាប់គុណប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងអាចរហូតដល់ពិភពលោក។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ»៕