ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារមណ្ឌលសុខភាពក្រាំងល្វា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាព និងសមិទ្ធផលនានាក្នុងបរិវេណមណ្ឌលសុខភាពក្រាំងល្វា ស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីដ៏អធិកអធមនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ, តំណាងក្រសួងសុខាភិបាល, ក្រុមប្រឹក្សាខេត្ត, រដ្ឋបាលខេត្ត, មន្ដ្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងទាំង៣ប្រភេទ, បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជន សរុបប្រមាណ ៦២០នាក់។

យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ជូនអំពីប្រវត្តិមណ្ឌលសុខភាពក្រាំងល្វា និងដំណើការសាងសង់ ដោយក្នុងនោះ អគារមណ្ឌលសុខភាពថ្មី១ខ្នងដែលកំពុងសម្ពោធជាផ្លូវការនេះមានទំហំ ២៤ម៉ែត្រ គុណនឹង ២៤ម៉ែត្រ ដោយមានបំពាក់បរិក្ខាពេទ្យគ្រប់មុខ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមានមតិស្វាគមន៍ជូនអង្គពិធីដោយបានជម្រាបជូនអំពី ស្ថានភាពនៃការអភិវឌ្ឍនសេដ្ឋកិច្ច សង្គមកិច្ច ការថែរក្សាសុខសន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

នាឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយមានផ្លូវខ្វាត់ខ្វែង មានទឹកស្អាតប្រើប្រាស់ និងអនាម័យល្អប្រសើរ និងរបៀបរបបរស់នៅប្រកបដោយភាពស៊ីវិល័យ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថាអំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លើកពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថាអគារមណ្ឌលសុខភាពក្រាំងល្វាថ្មីនេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលដោយបានបង្កើន និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែទូលំទូលាយ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយនិងអបអរសារទរជាមួយពលរដ្ឋដែលរស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលទទួលបានសមិទ្ធផលថ្មីនាឱកាសនេះផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានអំពាវនាវជូនអង្គពិធីសូមបន្តជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសុខាភិបាលជូនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែកលើមូលដ្ឋាននៃក្រមសីលធម៌ និងគុណធម៌វិជ្ជាជីវៈ សក្តិសមជា «ទេវតាអាវស» ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋប្រកាន់យកនូវគោលការណ៍ «ការពារប្រសើរជាងព្យាបាល» និងមានទម្លាប់អនាម័យល្អគឺការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតដើម្បីការពារបាននូវជំងឺឆ្លងនានា។

ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ ថ្នាក់មេដាយមាសការងារ មេដាយប្រាក់ ព្រមទាំងផ្ដល់ជូននូវលិខិតថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមូលដ្ឋាន និងសប្បុរសជនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសមិទ្ធនានា នៅក្នុងមូលដ្ឋានដើម្បីបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជនក្នុងរយៈពេលកន្លងមក៕