ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងភរិយា ជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ នៅភូមិភ្នំតា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ ដោយក្នុងនោះចំនួន២គ្រួសារឯកឧត្តមបណ្ឌិត បានចុះទៅដល់ខ្នងផ្ទះតែម្ដង ដែលស្ថិតនៅភូមិភ្នំតា។

ឯកឧត្តមបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់លំបាកឡើយ ពោលគឺតែងតែជួយទំនុកបម្រុងជាប់ជានិច្ច និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋជួបតែសេចក្ដីសុខ សេចក្ដីចំរើន រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជួបជុំក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី។

សូមបញ្ជាក់ថា អំណោយដែលឯកឧត្តមបណ្ឌិត ផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ ២៥Kg ,មី ១កេស ,ត្រី ខ ១យួរ ,ទឹក សុីអុីវ ១យួរ ,ទឹកត្រី ១យួរ ,ប៊ីចេង ១កញ្ចប់ ៥០០ក្រាម ,អំបិល ១កញ្ចប់ ១គីឡូ ,ភេសជ្ជៈ Greet ១កេស ,ទឹកសុទ្ធ ១កេស ,ធូបមូស ២ប្រអប់ ,ថ្នាំប៉ារ៉ា ៥បន្ទះ ,សារ៉ុង ១ ,កន្សែង ១ ,ថវិកា ៥០.០០០៛ ,ថ្នាំបន្តក់ភ្នែក ១ ដក ,និងប្រេងរឹត ១ ដប៕