ខេត្តតាកែវ រៀបចំពិធីប្រណាំងរទេះគោសាឡី ដើម្បីអបអរសាទរ «តាកែវសង្រ្កានឆ្នាំ២០២៦»


អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីប្រណាំងរទេះគោសាឡី ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីតាំងមុខមន្ទីរអប់រំខេត្ត ដែលស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ក្រោមវត្តមាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងមន្រ្តីរាជការ ព្រមទាំងបប្រជាពលរដ្ឋចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត រទេះគោសាលី ដែលចូលរួមប្រណាំងនេះ មកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ការរៀបចំពិធីនេះក្នុងគោលបំណងរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាញជាតិខ្មែរ ឲ្យប្រជាពលរដ្ឋបានដឹងបានស្គាល់ ជាពិសេសយុវជនជំនាន់ក្រោយ ចេះរក្សាការពាវប្បធម៌ប្រពៃណីល្អផូរផងរបស់ខ្មែរយើងពីបូរាណមក ដូចពាក្យស្លោកមួយបានលើកឡើង «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។

បើតាមឯកឧត្តមអភិបាលខេត្តតាកែវ ការរៀបចំពីប្រណាំងរទេះគោសាឡី នេះឡើងក៏ដើម្បីបង្កការសប្បាយរីករាយដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់ខាងមុខឆាប់ៗនេះផងដែរ។

ពិធីប្រណាំងរទេះគោសាឡី គឺជាប្រពៃណីវប្បធម៌ខ្មែរដែលមានតាំងពីសម័យនគរភ្នំ ហើយត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូន និងក្នុងវិស័យជំនឿសាសនា។ គោលបំណងសំខាន់នៃការប្រណាំងនេះ គឺដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយប្រពៃណីនេះឱ្យបានទូលំទូលាយ ជាពិសេសដល់ក្មេងជំនាន់ក្រោយឱ្យបានស្គាល់ និងចូលរួមថែរក្សា។

បច្ចុប្បន្នពិធីនេះត្រូវបានរៀបចំឡើងវិញនៅតាមបណ្តាខេត្ត ដូចជាខេត្តកំពង់ស្ពឺ និងតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ត» ដើម្បីរក្សាទំនៀមទម្លាប់ បង្កើនភាពសប្បាយរីករាយ និងរំលឹកពីសារៈសំខាន់នៃវិស័យកសិកម្ម៕