កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ សកម្ម និងស៊ីជម្រៅ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្តេចមានអារម្មណ៍ថា សម្តេចទើបបានជួបលោកជំទាវឯកអគ្គរដ្ឋទូតថ្មីៗនេះសោះ ឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយ។ សម្តេចបានទទួលជួបសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត តែមួយខែប៉ុណ្ណោះ ក្រោយពីសម្តេច បានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅ រវាងប្រទេសទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់លោកជំទាវ និងសហការី និងជាពិសេស ឆន្ទៈនយោបាយដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ តាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងស្ទើរលើគ្រប់វិស័យ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េនាឆ្នាំ២០១៨ កន្លង។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់៕