នាថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងឱកាសបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទំនប់ស្ទាក់ទឹកស្ទឹងក្រញ៉ូង គឺជាសមិទ្ធផលវិស្វកម្មពហុបំណង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ និងស្តុកទឹកទុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាបម្រើដល់ការស្រោចស្រពផ្ទៃដីកសិកម្មក្នុងខេត្តបាត់ដំបង។ លើសពីនេះ គម្រោងនេះនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ចៀសបញ្ហារាំងស្ងួតក្នុងតំបន់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ត្រូវបង្កើនការយកចិត្តទុកដាក់លើគុណភាពសំណង់ឱ្យស្របតាមបទដ្ឋាន និងនិយាមបច្ចេកទេស ព្រមទាំងធានាសុវត្ថិភាពការដ្ឋាន និងគិតគូរពីផលប៉ះពាល់បរិស្ថានជាចម្បង ដើម្បីធានាឱ្យសមិទ្ធផលនេះបម្រើជាប្រយោជន៍យូរអង្វែងជូនដល់ប្រជាពលរដ្ឋ៕


