អភិបាលខេត្តកំពង់ធំ៖ «មានផ្លូវមានក្តីសង្ឃឹម» ដែលជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល


នាឱកាសសម្ពោធផ្លូវបេតុង១ខ្សែ ប្រវែង២៦៨០ ម៉ែត្រ នៅភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ដែលដើរតួនាទីយ៉ាងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទោះបីជាសម្តេចមមាញឹកក្នុងកិច្ចការប្រទេសជាតិក៏ដោយក៏ការអភិវឌ្ឍន៍នៅតែបន្តជានិច្ចគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ ។

ឯកឧត្តមបានបន្តទៀតថា ផ្លូវគឺជាសរសៃឈាមយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីទីកន្លែងមួយទៅកាន់ទីកន្លែងផ្សេងទៀត ហើយមិនតែប៉ុណ្ណោះវាជាបេះដូងយ៉ាងសំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល ដែលមិនអាចកាត់ផ្តាច់គ្នាបានឡើយ។សម្រាប់ខេត្តកំពង់ធំផ្លូវត្រូវបានស្ថាបនាឡើងស្ទើរគ្រប់ទីកន្លែងទាំងផ្លូវកៅស៊ូនិងផ្លូវបេតុងដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្តមបន្តទៀតថា ជាក់ស្តែងនៅស្រុកសន្ទុកការអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ផ្សេងទៀតកំពុងដំណើរការទៅមុខជាក់ស្តែងដូចជាផ្លូវ១ ខ្សែនេះពិតជាមានសារសំខាន់ចំពោះបងប្អូនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកសិផលផ្សេងៗពិសេសអាចឲ្យលោកយាយលោកតា បងប្អូនបានធ្វើលំហាត់ប្រាណជួយដល់សុខភាពកាន់តែប្រសើរឡើង។

ឯកឧត្តមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា និងថែរក្សាសុខភាពឲ្យបានល្អ ពិសេសថែរក្សាផ្លូវឲ្យបានល្អដើម្បីសហគមន៍។

ទន្ទឹមគ្នានេះ ឯកឧត្តមបានលើកឡើងផងដែរ ចំពោះបញ្ហាព្រំដែន ដោយថ្នាក់ដឹកនាំ កំពុងតែធ្វើការយ៉ាងសកម្ម ទាំងផ្នែកការទូតនិងការគ្រប់គ្រងកំលាំងទ័ពនៅសមរភូមិមុខ។ ឯកឧត្តមបន្តថា«ហើយអ្វីដែលយើងត្រូវធ្វើគឺការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ទើបយើងខ្លាំង សេដ្ឋកិច្ចយើងរឺងមាំ ពីព្រោះសៀមវាកំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់យើង ខណៈពេលដែលពិភពលោកកំពុងតែច្របូកច្របល់»។

សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែនេះមានប្រវែង ២៦៨០ ម៉ែត្រ ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ លោក ញ៉ែម ប៊ុនថា និងលោកស្រី អ៊ុន វឌ្ឍនី ព្រមទាំងបុត្រា បុត្រី ៕