ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចេញពីបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ដើម្បីមកតាំងទីលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍ «ភូមិសន្តិភាពបឹងយា» ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា ការរៀបចំឱ្យបងប្អូនផ្លាស់ប្តូរទីលំនៅពីមាត់ស្ទឹង (ចាប់ពីចំណុចស្ពានថ្ម ផ្លូវជាតិលេខ៥ រហូតដល់ស្ពានដែក ផ្លូវរថភ្លើង) មកកាន់ទីតាំងថ្មីនេះ គឺជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»។ ឯកឧត្តមបានលើកឡើងពីហានិភ័យខ្ពស់ នៃការរស់នៅតាមដងស្ទឹង ដែលងាយប្រឈមនឹងគ្រោះថ្នាក់បាក់ច្រាំង បញ្ហាសុខភាព ដោយសារបរិស្ថានមិនស្អាត និងកង្វះហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅទីតាំងថ្មី «ភូមិសន្តិភាពបឹងយា»នេះ បងប្អូនមិនត្រឹមតែទទួលបានដីឡូតិ៍សម្រាប់សង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់កូនចៅតទៅមុខ។ រដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច នូវប្រព័ន្ធលូ ទឹកស្អាត ភ្លើងបំភ្លឺតាមដងផ្លូវ និងអគ្គិសនី ពិសេសគឺមានដីសម្រាប់ដាំដុះ ដែលមន្ទីរកសិកម្មនឹងចុះមកជួយផ្នែកបច្ចេកទេស និងផ្តល់គ្រាប់ពូជ ដើម្បីឱ្យបងប្អូនអាចផលិតកម្មកសិកម្មផ្គត់ផ្គង់ជីវភាព និងលក់លើទីផ្សារបានទៀតផង។
ក្រៅពីការប្រគល់ដីឡូតិ៍ សម្រាប់សាងសង់លំនៅឋាន ឯកឧត្តម ខូយ រីដា ក៏បានប្រកាសផ្តល់ជូននូវ «ផ្ទះទេវតា» ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនចាស់ជរា អ្នកមានពិការភាព និងទុគតជនគ្មានទីពឹង ដែលពុំមានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯងបាន។
ឯកឧត្តមអភិបាលខេត្ត ក៏បានឆ្លៀតឱកាសរំលឹកពីការងារ ក្នុងអាណត្តិជាង៣ឆ្នាំកន្លងមកថា លោកមិនដែលទុកពេលឱ្យនៅទំនេរឡើយ។ ក្រោមការដឹកនាំរបស់លោក ខេត្តពោធិ៍សាត់បានប្រែមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ តាមរយៈការជំរុញយន្តការ «ខេត្តគ្មានសំរាម» តាមដងផ្លូវ និងទីសាធារណៈ, ការបំពាក់ភ្លើងបំភ្លឺតាមផ្លូវជាតិ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីមហាជន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់យ៉ាងមុតមាំថា លោកនៅមិនទាន់ស្កប់ស្កល់នឹងសមិទ្ធផលទាំងនេះនៅឡើយទេ។ ក្នុងអាណត្តិរបស់ឯកឧត្តម នៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីប្រែក្លាយខេត្តរបស់យើងឱ្យកាន់តែរីកចម្រើន និងមានសោភ័ណភាពទាក់ទាញបំផុត។
ពាក់ព័ន្ធនឹងស្ថានភាពសកល ឯកឧត្តម ខូយ រីដា បានលើកឡើងពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័ន ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ លោកបានអះអាងពីគោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ទាំង៤៥គ្រួសារ ដែលមានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរុះរើទីតាំងចាស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ឱ្យក្លាយជាតំបន់ទេសចរណ៍ និងជាសោភ័ណភាពក្រុង។ លោកបានអំពាវនាវឱ្យពុកម៉ែបងប្អូនទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះរាល់ដំណាក់កាលដ៏លំបាក និងបន្តកសាងជាតិមាតុភូមិឱ្យរុងរឿងរៀងដរាបទៅ៕













































