ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ក្នុងឱកសារដែលលោកស្រីទទួលបានភារៈកិច្ចថ្មី ជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ និងប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកនិងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍នៅតំបន់ជនបទ។
បន្ថែមពីនេះ លោកស្រី Vladanka Andreeva បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍លោកជំទាវ និងសហការី យ៉ាងកក់ក្តៅនាពេលនេះ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជា ជាលើកទី២។ លោកស្រី បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ តាមរយៈប្រសាសន៍របស់លោករដ្ឋមន្ត្រី លោកស្រីក៏បានលើកឡើងអំពីជំហររបស់អង្គការសហប្រជាជាតិ និងភ្នាក់ងាររបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs។
ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រីនិងសហការីដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជម្រុញការអភិវឌ្ឍន៍នៅតំបន់ជនបទមានសន្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ជាជនបទប្រកបដោយភាពស៊ីវីល័យ៕









