ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “សៀវភៅស សង្គមកិច្ច នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច។
ឯកឧត្តមរដ្ឋមន្រ្តីសង្គមកិច្ច បានលើកឡើងថា «សៀវភៅ ស សង្គមកិច្ច» មានន័យថា សៀវភៅបង្ហាញពីការពិតនៃតម្រូវការ និងការផ្គត់ផ្គង់សេវានៅក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា ហើយការពិតនោះគឺផ្អែកលើភស្តុតាង និងឧត្តមានុវត្តន៍ដែលយើងបានសិក្សាស្រាវជ្រាវទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាមួយនឹងការចូលរួមផ្ដល់ធាតុចូល និងការគាំទ្រពីក្រសួង ស្ថាប័ន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ។ អ្វីដែលកាន់តែពិសេសនិងគួរឱ្យចាប់អារម្មណ៍នៃសៀវភៅនេះ គឺការបង្ហាញពីប្រវត្តិរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់តាំងពីការបញ្ចប់នៃសម័យអាណានិគមនិយមបារាំង ឆ្នាំ១៨៦៣មកដល់បច្ចុប្បន្ន ដែលអាចចាត់ទុកជាឯកសារប្រវត្តិសាស្ត្រមួយសម្រាប់វិស័យសង្គមកិច្ច និងការបណ្តុះបណ្តាល ព្រមទាំងការសិក្សាស្រាវជ្រាវនានារបស់សិស្សានុសិស្សនៅកម្រិតឧត្តមសិក្សាផងដែរ។
តាមរយៈពិធីនេះ ឯកឧត្តម ជា សុមេធី សូមដាក់ចេញនូវអនុសាសន៍ និងទិសដៅការងារអាទិភាពមួយចំនួន ដើម្បីឱ្យការប្រើប្រាស់ «សៀវភៅ ស សង្គមកិច្ច» បានទូលំទូលាយ ព្រមទាំងការរៀបចំគោលនយោបាយជាតិស្តីពីសង្គមកិច្ច ឱ្យមានប្រសិទ្ធភាព និងអនុវត្តបានជោគជ័យ៖
១៖ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច ត្រូវបោះពុម្ព «សៀវភៅ ស សង្គមកិច្ច» បន្ថែមទៀត ដើម្បីចែកជូនគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល ទាំងរដ្ឋ ឯកជននិងអង្គការដៃគូ ឱ្យបានទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
២៖ ក្រុមការងាររៀបចំគោលនយោបាយត្រូវដាក់បញ្ចូលយុទ្ធសាស្ត្រសម្រាប់ការវិនិយោគនិង ពង្រីកទីផ្សារការងារនៃសេវាឯកទេសសង្គមកិច្ច ទាំងក្នុងវិស័យរដ្ឋ ឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅក្នុងគោលនយោបាយជាតិស្តីពីសង្គមកិច្ចដែលកំពុងរៀបចំ
៣៖ វិទ្យាស្ថានជាតិសង្គមកិច្ចត្រូវពង្រឹងការបណ្តុះបណ្ដាលជំនាញនានាសម្រាប់ការផ្តល់សេវាឯកទេសដោយផ្តោតលើការអនុវត្តបែបគ្លីនិក ជាមួយអតិថិជនជាចម្បង ដូចជាការគ្រប់គ្រងករណី ការស្តារមុខងារបុគ្គល ការស្តារចិត្តសង្គម និងការថែទាំសង្គមសម្រាប់មនុស្សវ័យចាស់ ជនមានពិការភាព ជនវិបល្លាសស្មារតី ជាដើម
៤៖ គ្រប់អគ្គនាយដ្ឋានក្រោមឱវាទក្រសួង ស.អ.យ. ត្រូវរៀបចំគម្រោងនានាដើម្បីកៀរគរធនធានថវិកាពង្រឹងសេវាឯកទេស និងពង្រឹងពង្រីកសមត្ថភាពកម្លាំងសេវាសង្គម ជាពិសេសអ្នកអាជីពសង្គមកិច្ច និងអ្នកសង្គមកិច្ចសម្ព័ន្ធ តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័នដែលជាសម្ព័ន្ធនឹងវិស័យសង្គមកិច្ច ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន
៥៖ ស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការដៃគូ ចូលរួមគាំទ្រលើការរៀបចំគោលនយោបាយជាតិស្ដីពីសង្គមកិច្ច ឱ្យបានផុលផុស ព្រមទាំងជួយជំរុញឱ្យមានការជ្រើសអ្នកអាជីពសង្គមកិច្ច ជាពិសេសអ្នកឯកទេសគ្រប់គ្រងករណី និងឯកទេសចិត្ត
សង្គម បានចូលបម្រើការងារនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាកលវិទ្យាល័យសាលារៀន រោងចក្រ សហគ្រាសធំៗ និងនៅតាមពន្ធនាគារជាដើម ដើម្បីអាចជួយដល់កុមារនិងជនដែលរងគ្រោះដោយសារបញ្ហាសង្គមបានទាន់ពេលវេលា។
គួរបញ្ជាក់ថា «សៀវភៅ ស សង្គមកិច្ច» មួយក្បាលនេះ គឺការបែងចែករវាងសេវា សង្គម និងសេវាឯកទេសសង្គមកិច្ច។ បើយើងនិយាយពីសេវាសង្គម យើងឃើញថាមានជាប់ពាក់ព័ន្ធនឹងសេវានានាដែលមាននៅក្នុងវិស័យសង្គមកិច្ច វិស័យសុខាភិបាល វិស័យអប់រំ វិស័យការងារ និងវិស័យយុត្តិធម៌ជាដើម។ សម្រាប់សេវាឯកទេសសង្គមកិច្ច គឺជាឯកទេសកម្មមួយប្រភេទនៃសេវាសង្គម និងជាកាតាលីករ ដែលជួយជំរុញសេវាសង្គមទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការបែងចែកនេះ បានជួយឱ្យអ្នករៀបចំគោលនយោបាយយល់ឃើញថា មកទល់ពេលនេះ វិស័យសង្គមកិច្ចនៅខ្វះខាតអ្នកឯកទេសផ្តល់សេវាសង្គមកិច្ចច្រើនប្រភេទ សម្រាប់អតិថិជន និងក្រុមគ្រួសាររបស់គេ ហើយប្រទេសប្រកាសដាក់ឱ្យប្រើប្រាស់ «សៀវភៅ ស សង្គមកិច្ច» ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
តាមរយៈទិន្នន័យក្នុងសៀវភៅនេះ ឃើញថា រាជរដ្ឋាភិបាល បានបង្កើនកញ្ចប់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់វិស័យសង្គមកិច្ច។ ជាមធ្យម ៩១% នៃថវិកាសរុបរបស់ក្រសួង ត្រូវបានបើប្រាស់ដោយផ្ទាល់សម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសោធននិវត្តន៍។ នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំថា «រាជរដ្ឋាភិបាលមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ»។ ទន្ទឹមនេះ
យើងត្រូវខិតខំពង្រឹងកម្លាំងសេវាសង្គម ជាពិសេសអ្នកអាជីពសង្គមកិច្ច ដែលជាទ័ពស្រួចនៃការងារសង្គមកិច្ចដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ បើយើងប្រៀបធៀបជាមួយចំនួនប្រជាជនសរុប។ ដូចនេះការលើកកម្ពស់វិជ្ជាជីវៈ និងពង្រឹងសេវាឯកទេសសង្គមកិច្ច គឺជាកិច្ចការសំខាន់ ដែលត្រូវគិតគូរនៅក្នុងគោលនយោបាយជាតិស្ដីពីសង្គមកិច្ច៕















