ឯកឧត្តម ង្វៀន គ្វិញថៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបានរំលឹកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមកក្នុងស្មាតីមិត្តភាព សាមគ្គីភាពទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
ឯកឧត្តមស្នើគណៈប្រតិភូវៀតណាម ជួយពន្លឿនការចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាឡើងវិញ រវាងខេត្តបាត់ដំបង និងខេត្តវិញឡុង បន្ទាប់ពីប្រទេសវៀតណាម បានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ខណៈរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំឯកសាររួចរាល់។
ឯកឧត្តមបានបង្ហាញពីសក្ដានុពលដ៏សំបូរបែប របស់ខេត្តបាត់ដំបង លើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាពិសេសក្រុងបាត់ដំបង ត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ការវិនិយោគលើការកៃច្នៃកសិផលក្នុងខេត្តបាត់ដំបងនៅមានកម្រិត ក្នុងន័យនេះ លោកបានស្នើដល់ភាគីវៀតណាមជួយជំរុញ និងបង្កលក្ខណៈឱ្យមានវិនិយោគិន ព្រមទាំងទេសចរ មកវិនិយោគ និងទស្សនាខេត្តបាត់ដំបងឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងល្អរវាងខេត្តនិងខេត្ត និងសម្រាប់ប្រទេសទាំងពីរផងដែរ។
សម្រាប់ខេត្តបាត់ដំបងរង់ចាំទទួលស្វាគមន៍អ្នកវិនិយោគ ពាណិជ្ជករ និងភ្ញៀវទេសចរមកទស្សនាកម្សាន្ត ព្រមទាំងត្រៀមបង្កលក្ខណៈជូនគ្រប់បែបយ៉ាង។
ឯកឧត្តម ង្វៀន គ្វិញថៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបងដែលបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចសង្គម។
ឯកឧត្តមមើលឃើញថា ខេត្តបាត់ដំបងមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ហើយខេត្តបាត់ដំបងមានប្រវត្តិនៃការរីកចម្រើនជាយូរលង់ណាស់មកហើយ ដែលអាចដឹងបាន តាមរយៈការបន្សល់ទុកនូវសំណង់បុរាណជាច្រើន។ ជាក់ស្ដែងតំបន់អភិរក្សនៅក្នុងក្រុងបាត់ដំបងដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសអ្នកទេសចរវៀតណាមក៏បានមកទស្សនាកម្សាន្តផងដែរ។
ឯកឧត្តម បានលើកឡើងពីការពង្រឹងកិច្ចសហការប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តវិញឡុង និងខេត្តបាត់ដំបង និងជំរុញការចុះអនុស្សារណៈយោគយល់គ្នា រវាងខេត្តទាំងពីរឱ្យបានឆាប់រហ័សឡើងវិញ៕






















