ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ដែលជាចាងហ្វាងការផ្សាយការសែត គេហទំព័រ និងភ្នាក់ងារសាព័ត៌មានទាំងអស់ ប្រចាំនៅខេត្តស្វាយរៀងជាង ១០០នាក់។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត។
ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានដែលជា «អំណាចទី៤» មិនអាចខ្វះបានក្នុងសង្គម។
ឯកឧត្តមបានគូសបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏មានតម្លៃបំផុតក្នុងការទ្រទ្រង់សិទ្ធិ សេរីភាពផ្សេងៗទៀតរបស់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ ប្រការនេះសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ការពារ លើកស្ទួយក៏ដូចជាការផ្តល់នូវភាពសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ ឆ្លុះបញ្ជាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខរបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលបានដឹង និងដោះស្រាយ។
ឯកឧត្តម ប៉េង ពោធិ៍សា បានបញ្ជាក់ថា រូបលោកតែងតែចាត់ទុកអ្នកសារព័ត៌មានគឺជា «ស្ពានចម្លងដ៏សំខាន់» រវាងស្ថាប័ន និងសាធារណជន។ បើគ្មានការចូលរួមផ្សព្វផ្សាយពីបងប្អូនទេនោះ រាល់សមិទ្ធផលការងារ និងព័ត៌មានពិតរបស់យើង ក៏មិនអាចទៅដល់ដៃប្រជាពលរដ្ឋបានឆាប់រហ័ស និងទូលំទូលាយនោះដែរ។ ក្នុងយុគសម័យឌីជីថលនេះ បងប្អូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ៖ ផ្តល់ព័ត៌មានពិត និងរហ័ស ជូនដល់សង្គម ហើយចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កភាពវឹកវរក្នុងសង្គម។
ឯកឧត្តមអភិបាលខេត្តបានបានលើកឡើងថា លំហូរសារព័ត៌មានដោយសេរី និងការផ្តល់ព័ត៌មានប្រកបដោយការជឿទុកចិត្ត គឺជាផ្លូវរួមគ្នាមួយរវាងអ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ដែលបានខិតខំកន្លងមកដលើបច្ចុប្បន្ន និងទៅអនាគត ព្រោះរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយប្រៀបដូចជា ផ្នែកសងខាងនៃក្រដាសប្រាក់ដែលមិនអាចខ្វះបាន មិនតែប៉ុណ្ណោះពេលខ្លះសារព័ត៌មាន ក៏បានដើរតួរយ៉ាងសំខាន់ក្នុងការសម្របសម្រួលក្នុងពេលមានភាពតានតឹងនយោបាយនៅកម្ពុជា។
ចំណុចនេះឯកឧត្តមសម្គាល់ឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងត្រូវបានលើកតម្កើងពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះយើងជាសង្គមប្រជាធិបតេយ្យ ការយល់ឃើញ ការបង្ហាញមតិគឺជាភាពចាំបាច់ និងត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់ ហើយយើងចូលដល់ដំណាក់កាលនៃការអនុវត្តច្បាប់។ ដូច្នេះទោះបីជាសង្គមស៊ីវិលក្តី អ្នកសារព័ត៌មានក្តី មន្ត្រីរាជការក្តី ត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តស្វាយរៀង សូមប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មាន បានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មានត្រូវមានភាពជាក់លាក់ ឬពិតប្រាកដ តុល្យភាពច្បាស់លាស់ សេចក្តី ឬ មានន័យគ្រប់គ្រាន់ និងងាយយល់ ដោយប្រឹងប្រែងអភិវឌ្ឍន៍ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកកវិទ្យាព័ត៌មាន។
លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូនថាក្នុងខេត្តស្វាយរៀង មានស្ថានីយវិទ្យុផ្ទាល់ចំនួន ៤ស្ថានីយវិទ្យុបន្តចំនួន ៤ស្ថានីយទូរទស្សន៍ចំនួន៥ (ស្ថានីយទូរទស្សន៍អាណាឡូកចំនួន៤, ស្ថានីយទូរទស្សន៍ខ្សែកាប ចំនួន១) អង្គភាពគេហទំព័រ ចំនួន ២៣អង្គភាពកាសែតចំនួន៣ ភ្នាក់ងារសារព័ត៌មានចំនួន ៨៥នាក់ ក្នុងនោះមានភ្នាក់ងារសារព័ត៌មានដែលមកពីអង្គភាពផ្សេងៗគ្នា រួមមាន៖ ទូរទស្សន៍ជាតិ និងឯកជន, វិទ្យុ, កាសែត និងគេហទំព័រអនឡាញជាច្រើនអង្គភាព ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត៕






















