កម្ពុជានិងវៀតណាម ឯកភាពពន្លឿនបោះបង្គោលព្រំដែន ឲ្យបានចប់ជាស្ថាពរឲ្យបានឆាប់


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពគ្នា ពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានចប់ជាស្ថាពរឲ្យបានឆាប់រហ័ស។

ឆន្ទៈនេះបង្ហាញឡើង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម ត្រិន កឹមទូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានចប់ជាស្ថាពរ ឲ្យបានឆាប់រហាស់ដែលភាគីទាំងពីរត្រូវបង្កើតនៅកិច្សតការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់ នៅតាមបន្ទាត់បង្គោលតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីធានាឲ្យបានព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ត្រិន កឹមទូ បានឯកភាពចំពោះការលើកឡើងរបស់សម្តេចតេជោ ទាក់ទងនឹងការជំរុញ និងការពន្លឿនការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ឲ្យបានឆាប់ដែលតាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាពស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយស្របទៅនឹងគោលដៅនៃប្រទេសទាំងពីរ ដែលមានមិត្តភាពជាប្រពៃណី មានភាពយូរអង្វែង ជាមួយគ្នានោះ។

សម្ដេចតេជោ បានចាត់ទុកនៃដំណើរទស្សនកិច្ចជាន់ខ្ពស់នៅពេលនេះ របស់ឯកឧត្តម កឹមទូ មកកាន់ប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជានិងវៀតណាម។

នៅក្នុងឱកាសនោះ ឯកឧត្តម គឹមទូ បានសម្ដែងការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសមនិងពិភាក្សា។ លោកបានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងប្រទេសទាងពីរ គឺមានភាពស្អិតរមួត និងរឹងមាំ ហើយកន្លងទៅតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងច្បាស់អំពីការលើកកំពោះនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម នៅគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិនិងកិច្ចការនៅតាមព្រំដែនតែម្ដង ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នៅបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខទៅតាមព្រំដែន ដែលធ្វើឲ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍជាមួយគ្នា។ ឯកឧត្តមក៏បានរំលេចអំពីការសាមគ្គីគ្នាជាពិសេសការសហការគ្នាក្នុងការការពារ គឺកុំឲ្យមានកម្លាំងអមិត្តណាមួយយកទឹកដីនៃប្រទេសម្ខាង ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត ដែលភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការកិច្ចការងារមួយនេះ។

បន្ថែមពីលើនេះ នៅតាមព្រំដែនក៏ដូចជាការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នាប្រទេសទាំងពីរ បានធ្វើឲ្យមានកំណើនពាណិជ្ជកម្មលើសពី ១០ពាន់លានដុល្លារអាមេរិក នៅពេលបច្ចុប្បន្នកម្ពុជានិងវៀតណាម កំពុងតែមានមហច្ឆិតាក្នុងការសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ឲ្យឡើងដល់ ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តម កឹមទូ ជាពិសេសនៅត្រង់ចំណុចទាក់ទងទៅនឹងការសហការគ្នានៅតាមព្រំដែម ដែលសម្ដេចជម្រុញបន្ថែមទៀតឲ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវព្រំដែន ដែលមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។

បន្ថែមពីលើនោះ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្ម ពីព្រោះសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនងគ្រប់ទិដ្ឋភាពទំនាក់ទំនងទូទៅ រវាងកម្ពុជានិងដែលសម្ដេចចង់ឃើញប្រទេសទាំងពីរ សម្រេចបាននូវទំហំពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារតាមការគ្រោងទុក។

បន្ថែមពីលើនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និងស្ថាប័នបក្ស ដែលប្រទេសទាំងពីរកំពុងតែពួនជ្រុំជាមួយគ្នានេះ គឺជាសកម្មភាពដែលត្រូវពង្រីកបន្ថែមទៀត ឲ្យកាន់តែស៊ីជម្រៅនៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស៕