សម្តេចប្រធានរដ្ឋសភា ទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន ខេអេហ្វធី.ឯ.ក សម្រាប់បន្តជូនវីរយុទ្ធជនការពារបូរណភាពទឹកដី នៅសមរភូមិជួរមុខ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសធម៌មកពីក្រុមហ៊ុន ខេអេហ្វធី.ឯ.ក (KFT Co., Ltd) សម្រាប់ចែកជូនវីរយុទ្ធជន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហានជាទីបំផុត ប្រឆាំងការឈ្លានពានរបស់ប្រទេសជិតខាង។

សម្តេចបានថ្លែងអំណរគុណជ្រាលជ្រៅជូនក្រុមហ៊ុន ខេអេហ្វធី.ឯ.ក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងមហាសាមគ្គីជាតិខ្មែរ នៅគ្រាលំបាកនេះ ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ សុវត្ថិភាព សុខភាព និងអាយុជីវិតរបស់វីរយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក នៅគ្រប់ពេលវេលា។

សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ផលិតបាននូវ គ្រឿងឧបភោគបរិភោគ ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ដែលមិនត្រឹមតែជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់ជាតិ ក្នុងការកសាងសុខសន្តិសុខ និងភាពធន់នៃសេដ្ឋកិច្ចជាតិ បានប្រែក្លាយការលំបាកទៅជាឱកាស ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា សហគ្រាសធុនតូច និងមធ្យមមានសារៈសំខាន់ណាស់ ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងនីតិកាលទី៧ រដ្ឋសភានេះ បានយកចិត្តទុកដាក់ជាទីបំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

ក្នុងគោលបំណងលើកកម្ពស់វិស័យនេះ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសា។ ឆ្នាំនេះ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

លោក សុខ គា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ខេអេហ្វធី.ឯ.ក បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ នាំយកអំណោយសប្បុរសធម៌មកប្រគល់ជូននាឱកាសនេះ ដើម្បីចូលរួមចំណែកជាមួយសម្តេច ក្នុងការចែកជូនដល់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹកជាបន្តទៀត។

លោកបានថ្លែងការកោតសរសើរ និងគោរពដ៏ខ្ពង់ខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់សម្តេច ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ជាមួយរាជរដ្ឋាភិបាល។ ក្នុងនោះ រដ្ឋសភាក៏បានចំណាយពេលវេលាមមាញឹក ចុះជួបផ្ទាល់ និងសំណេះសំណាលជាមួយវីរយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក និងបានចាត់តំណាងនាំយកអំណោយចែកជូនជាបន្តបន្ទាប់ ក្នុងសកម្មភាពសមរភូមិក្រោយ ផ្សាភ្ជាប់ និងនៅជាមួយសមរភូមិជានិច្ច។

អំណោយដែលក្រុមហ៊ុន ខេអេហ្វធី.ឯ.ក យកមកប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាឱកាសនេះ មាន ត្រីខមាតុភូមិចំនួន ១ ម៉ឺនកំប៉ុង ប៊ីចេង២តោន ស្ករស ២តោន។

សូមជម្រាបថា ក្រុមហ៊ុន ខេអេហ្វធី គឺជាសហគ្រាសខ្មែរ ១០០% ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរគឺ លោក សុខ គា។ ជាមួយនឹងមោទនភាពជាតិ និងការជឿជាក់លើសមត្ថភាពក្នុងស្រុក ក្រុមហ៊ុនបានផ្តល់ឱកាសការងារជូនដល់បុគ្គលិកខ្មែរចំនួន៥៤នាក់ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ផលិតផលរបស់ក្រុមហ៊ុនជា គ្រឿងឧបភោគបរិភោគ មាន ត្រីខកំប៉ុង និងប៊ីចេង ម៉ាកមាតុភូមិ, ប្រេងឆា Healthy Life) ប៉ុណ្ណោះ ក្រុមហ៊ុនបានរអភិវឌ្ឍ និងចែកចាយផលិតផលម៉ាកក្នុងស្រុកគឺ ស្ករស សន្តិភាព ដែលមានគុណភាពខ្ពស់បំផុតសម្រាប់ប្រជាជនកម្ពុជា ផងដែរ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅ និងដឹងគុណជានិច្ច ចំពោះពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរយុទ្ធជន ក្នុងការការពារបូរណភាពទឹកដី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេចបានអរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញស្មារតីស្នេហាជាតិ ឯកភាពជាតិ និងសាមគ្គីភាពរឹងមាំ ចូលរួមគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើង ក្នុងការការពារបូរណភាពដែនដី និងបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ប្រកបដោយភាពហ្មត់ចត់ ឈ្លាសវៃ តាមរយៈការចរចាការទូត និងការប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ៕