អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរគ្រប់លំដាប់ត្រូវទប់ស្កាត់រាល់សកម្មភាពលេងកម្សាន្តណាដែលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហើយឲ្យរៀបចំលេងល្បែងប្រជាប្រិយ


នៅក្នុងកម្មវិធីសង្រ្កានតាកែវ ដែលចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ មិនត្រូវអនុញ្ញាតឱ្យមានការលេងប៉ាតម្សៅ ឬបាញ់ទឹក នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត ក៏ដូចជាតាមដងផ្លូវសាធារណៈឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំសង្ក្រាន្តទៅកែវនៅព្រឹកថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលខេត្តតាកែវមបានលើកឡើងថា សកម្មភាពលេងល្បែងខុសប្រពៃណីជាតិទាំងនេះមិនត្រឹមតែមិនមែនជាវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់ភាពសប្បាយរីករាយរបស់មហាជនថែមទៀតផង។

ឯកឧត្តម វ៉ី សំណាង ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានរៀបចំកម្មវិធីតាមវត្តអារាម និងទីសាធារណៈ ដោយត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ដែលក្នុងនោះរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែងជាដើម ព្រមទាំងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងរាំលេងតាមចង្វាក់ប្រពៃណីដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវ ដែលជានិមិត្តរូបនៃភាពទន់ភ្លន់ និងសាមគ្គីភាពរបស់ខ្មែរ។

ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ក្លាយជាការចងចាំដ៏ល្អសប្បាយរីករាយ និងពោរពេញដោយមោទនភាពជាតិខ្មែរយើង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តខេត្តតាកែវ ឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសំខាន់ៗក្នុងខេត្ត ដោយមានការយកចិត្តទុកដាក់ខ្ពស់លើផ្នែកសន្តិសុខ និងអនាម័យបរិស្ថាន៕