សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី


ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ ​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង មាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ដើម្បីបម្រើជាតិ មាតុភូមិ ឱ្យទទួលបាននូវវឌ្ឍនភាព ថ្មីៗបន្ថែមទៀត។

នៅក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការកោត សរសើរយ៉ាងក្រៃលែង ចំពោះគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម
និងគុណូបការៈដ៏ធំធេង របស់ សម្តេច កិត្តិសង្គហបណ្ឌិត ក្នុងនាមជាស្ត្រីដឹកនាំដ៏ឆ្នើមមួយរូប ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ជម្នះរាល់ការ លំបាក តស៊ូរំដេ តស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងស្តារ កសាង ការអភិវឌ្ឍ និងរួមចំណែក ធ្វើឱ្យមានសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ និងប្រជាជន។

ជាមួយនេះដែរ សម្តេច រួមនឹងឥស្សរជន កំពូលៗនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលពោរពេញដោយបទពិសោធន៍ និងនីតិកោសលជ្រៅជ្រះ ថ្វាយយោបល់លើព្រះរាជកិច្ចដឹកនាំសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងចូលរួមចំណែកអភិវឌ្ឍយ៉ាង ខ្ជាប់ខ្ជួនក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាជាតិ មាតុភូមិកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចកិត្តិសង្គហប់ណ្ឌិត ព្រមទាំងបុត្រា បុត្រប្រសារ និងចៅៗ ជាទីស្រឡាញ់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕