ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន បាននាំយកអំណោយមួយចំនួនចុះសួរសុខទុក្ខ​ និងប្រគល់ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងរដ្ឋបាលសង្កាត់ទាំង៥​


ក្រុងប៉ោយប៉ែត៖​ នាថ្ងៃ១៤ និង១៥ ខែមេសា ឆ្នាំ២០១៦ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយ​ លោក គាត ហ៊ុល អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបាននាំយកអំណោយ ជាសម្ភារៈ​ គ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួនចុះសួរសុខទុក្ខ​ និងប្រគល់ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងរដ្ឋបាលសង្កាត់ទាំង៥​ ទូទាំងក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលពួកគាត់នៅតែកំពុងបន្តធ្វើសកម្មភាពការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពជូនដល់បងប្អូនទូទាំងក្រុងប៉ោយប៉ែតក្នុងឱកាសដើរលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានសប្បាយរីករាយប្រកបដោយសុវត្ថិភាព។

នៅក្នុងនោះឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ផ្តាំផ្ញេីក្រេីនរំលឹកដល់បងប្អូនមន្ត្រីរាជការ​ និងប្រជាពរដ្ឋនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមបេីកបរប្រុងប្រយ័ត្ន​ ចេះអធ្យាស្រ័យគ្នា​ និងបេីកបរដោយការទទួលខុសត្រូវ​ ដេីម្បីធានាបានសុវត្ថិភាពចរាចរណ៍លេីដងផ្លូវ​ និងរួមគ្នាបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកេីតឡេីងជាយថាហេតុណាមួយ។ ជាមួយគ្នានេះ​ ឯកឧត្តមបានបញ្ជាក់ថាការសប្បាយរបស់បងប្អូនមិនត្រូវបានហាមឃាត់​នោះទេ ដូចជាការធ្វេីដំណេីរកម្សាន្តទៅតាមបណ្ដាខេត្តនានា​ក៏ប៉ុន្តែល្បែងណាដែលអាជ្ញាធរហាមឃាត់គឺរាល់ល្បែងទាំងឡាយណាដែលនាំឱ្យមានគ្រោះថ្នាក់ ដូចជាជះទឹក ទឹកច្រកថង់យកទៅគប់គ្នា​ និងការរត់ដេញប៉ាតម្សៅគ្នានៅតាមដងផ្លូវឬពេលកំពុងបើកបរជាដេីមដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់។ ក្នុងនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមសុខសប្បាយរីកចម្រើននិងជោគជ័យទាំងអស់គ្នាក្រោមម្លប់សន្តិភាព។

អំណោយដែលឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ និងក្រុមការងារប្រគល់ជូនរួមមានអធិការក្រុងប៉ោយប៉ែត ទទួលបានទឹកបរិសុទ្ធ ចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេស ថវិកា ៤លានរៀល។កម្លាំងអាវុធហត្ថក្រុងទទួលបាន ទឹកបរិសុទ្ធចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេសនិងថវិកា ៤លានរៀល។ ដោយឡែកសង្កាត់ទាំងប្រាំទទួលបាន ក្នុងមួយសង្កាត់ ទឹកបរិសុទ្ធ១០០កេស មី៥០កេស ទឹកក្រូច៥០កេស និងថវិកាចំនួន ៥០ម៉ឺនរៀល។