ដង្ហែក្បួននគរសង្ក្រាន្ត ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញទេសចរណ៍យ៉ាងច្រើនកុះករ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំយុវជនយ៉ាងច្រើនកុះករ ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦។

ក្បួនដង្ហែនគរសង្ក្រាន្ត គឺមានឈ្មោះថា «សន្ធិការ» មានន័យថា ការផ្សាភ្ជាប់ នេះគឺជាការផ្សាភ្ជាប់នៃមនោសញ្ជេតនា ជាបងប្អូន នៃមហាគ្រួសារខ្មែរតែមួយ ជាការផ្សារភ្ជាប់រវាងខ្មែរ ដែលនៅក្នុងប្រទេស និងដង្ហោយអញ្ជើញប្រជាជនខ្មែរដែលនៅក្រៅប្រទេស ដើម្បីមកលេងប្រទេសកំណើតវិញ នៅក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្ពុជាហើយជាពិសេសជាងនេះទៀត ជាការផ្សាភ្ជាប់របស់ក្ដីនឹករលឹករបស់យើងទាំងអស់គ្នា ជូនចំពោះបងប្អូនជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពាន ក៏ដូចជាផ្សាភ្ជាប់មនោសញ្ចេតនាដឹងគុណពេញមួយជីវិត ចំពោះវីរកងទ័ពរបស់កម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។

ក្បួនដង្ហែនគរសង្ក្រាន្តនេះ មានមនុស្សចូលរួមចំនួន១,៥៥០នាក់ ក្នុងនោះ មានអ្នករាំក្បាច់បុរាណ ក្បាច់រាំសហសម័យ ក្បាច់រាំបស្ចឹមប្រទេស មានល្បែងប្រជាប្រិយចំនួន១៦ និងរបាំប្រពៃណីជាតិខ្មែរ មានចំនួន១២របាំ ដែលសំណាងឱ្យភូមិសាស្ត្រវប្បធម៌ គ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហាញនូវឈុតរឿង៖ រាមកេរ្តិ៍ ដែលបង្ហាញតួអង្គទាំងអស់នៅក្នុងរឿងរៀមកេរ្តិ៍ និងមានទស្សនីយភាពជាច្រើនទៀតផងដែរ។

នៅឯបរិវេណផ្លូវថ្មើរជើងចតុមុខ ក៏ជាកន្លែងប្រវត្តិសាស្ត្រមួយ ក្នុងរាជធានីភ្នំពេញ គឺមានអគារដែលជាសំណល់អតីតកាល វត្តអារាម ដែលជាមរតកវប្បធម៌ ក៏ដូចជាធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងភ្នំពេញ ហើយនេះគឺជាការផ្សាភ្ជាប់ ជាមួយរាជធានីភ្នំពេញ និងជីវិតដល់ស្រស់ត្រកាល នៃប្រជាជនខ្មែរយើងផងដែរ។

នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, ភូមិវប្បធម៌ នៅជិតផ្សាររាត្រី, សួនច្បារវឌ្ឍនៈ, តំបន់ផ្លូវថ្មើរជើងចតុមុខ ជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូច ធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត។

ដោយឡែកនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃវារៈវ័នបត បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីបានលេងកម្សាន្តនគរសង្ក្រាន្តឆ្នាំថ្មី នៅរាជធានីភ្នំពេញពោរពេញដោយភាពរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព៕