ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយអ្នកបើកបររថយន្តក្រុង និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលត្រៀមខ្លួនធ្វើដំណើរវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ នៅស្រុកកំណើតប្រកបដោយភាពសប្បាយរីករាយ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរដោយក្ដីរីករាយ និងមានការប្រុងប្រយ័ត្នខ្ពស់។ ជាពិសេសចំពោះបងប្អូនអ្នកបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពអ្នកដំណើរដែលជាសាច់ញាតិឯង។
ឯកឧត្តម ខូយ រីដា ក៏សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចការងារ និងធ្វើដំណើរតាមផ្លូវ សូមជួបតែសេចក្ដីសុខ សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
គួរជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ (សរុប០៦ថ្ងៃ) រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការប្រើប្រាស់រថយន្តក្រុង សរុបចំនួន២៤គ្រឿង (រថយន្តក្រុងពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង និងរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន៤គ្រឿង) សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី មកលេងស្រុកកំណើត និងវិលត្រឡប់ទៅបំពេញកិច្ចការងារវិញ ដោយមិនមានការបង់ប្រាក់ឡើយ។
សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការជួយសម្រាលបន្ទុកជីវភាព និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លានេះ៕








































