អភិបាលខេត្តពោធិ៍សាត់ ផ្តល់កិត្តិយសចូលរួមជាមួយគណៈកម្មការថ្នាក់ជាតិ ចុះវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ នៅសាលាបឋមសិក្សាពោធិ៍សាត់


នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្តល់កិត្តិយស ចូលរួមជាមួយគណៈប្រតិភូ នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ក្នុងបេសកកម្មចុះវាយតម្លៃផ្ទាល់ នៅតាមអង្គភាពដែលជាបេក្ខភាពក្នុងខេត្តពោធិ៍សាត់ សម្រាប់ការប្រកួតប្រជែងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។

ក្នុងដំណើរការវាយតម្លៃនេះ ខេត្តពោធិ៍សាត់មានអង្គភាពឆ្នើមចំនួន៣ ដែលបានឈានជើងចូលដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ជាតិ រួមមាន៖
ទី១. សាលាបឋមសិក្សាពោធិ៍សាត់ (ក្រុងពោធិ៍សាត់)៖ ជាបេក្ខភាពប្រកួតប្រជែងជ្រើសរើស ១សាលា ក្នុងចំណោម ៥សាលា ដើម្បីឈានទៅជ្រើសរើសជ័យលាភីលេខ១ តែមួយគត់ទូទាំងប្រទេស។
ទី២. មណ្ឌលសុខភាពសំរោង (ស្រុកភ្នំក្រវាញ) និងមណ្ឌលសុខភាពបឹងបត់កណ្តោល (ស្រុកបាកាន)៖ ជាបេក្ខភាពប្រកួតប្រជែងជ្រើសរើស ២មណ្ឌលសុខភាព ក្នុងចំណោម ៥មណ្ឌលសុខភាព និងឈានទៅជ្រើសរើស ២មណ្ឌលសុខភាព ក្នុងចំណោម ៥មណ្ឌលសុខភាពចុងក្រោយទូទាំងប្រទេស។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ចំពោះលទ្ធផលដែលសាលារៀន និងមណ្ឌលសុខភាពក្នុងខេត្តពោធិ៍សាត់ សម្រេចបានរហូតឈានមកដល់វគ្គប្រកួតប្រជែងថ្នាក់ជាតិបែបនេះ។

ឯកឧត្តមបានបញ្ជាក់ថា៖ «នេះគឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីរាជការ បុគ្គលិកអប់រំ និងបុគ្គលិកសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល»

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គភាពបេក្ខភាពទាំងអស់ ត្រូវបន្តពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុង ដោយរក្សាស្មារតីជាធ្លុងមួយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ត្រូវភាពច្នៃប្រឌិត ដោយបន្តកែលម្អបរិស្ថានការងារ និងបច្ចេកទេសផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ជាមួយគ្នានោះត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាទន់ភ្លន់ រួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសិស្សានុសិស្ស និងអ្នកជំងឺដែលមកទទួលសេវា។

សូមជម្រាបជូនថា ក្រោយពីការចុះវាយតម្លៃផ្ទាល់តាមអង្គភាពនីមួយៗ អង្គភាពបេក្ខភាពទាំងអស់នឹងត្រូវបន្តទៅធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ដើម្បីទទួលការពិនិត្យ និងវាយតម្លៃចុងក្រោយ ពីសំណាក់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ.) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន (គ.វ.ជ.) ដើម្បីស្វែងរកអង្គភាពជ័យលាភីពិតប្រាកដ ប្រចាំឆ្នាំ២០២៥៕