អភិបាលខេត្តព្រៃវែង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីលើករាសី បួងសួងសុំសេចក្តីសុខសប្បាយ និងសិរីសួស្តីជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

​ក្នុងពិធីតាមបែបសាសនានេះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ បានអុជធូបទៀនរតនត្រ័យ ថ្វាយបង្គំសំពះព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបណ្តេញនូវគ្រោះចង្រៃឧបទ្រពទាំងឡាយ ទាំងពួង ដែលកើតមានពីឆ្នាំចាស់ឱ្យវិនាសសាបសូន្យ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន រួមនឹងពរជ័យជោគមង្គលពីទេវតាឆ្នាំថ្មី ឱ្យកើតមានដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

​ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមអភិវឌ្ឍន៍ខេត្តព្រៃវែង ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

​ពិធីសូត្រមន្តលើករាសីនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពមួយជួយពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទឱ្យកាន់តែជិតស្និទ្ធ ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជនក្នុងឆ្នាំថ្មីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

​ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំខេត្តបានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ ដើម្បីជាកុសលផលបុណ្យ សូត្រមន្តប្រោះព្រំសិរីសួស្តី ជូនដល់មន្ត្រីរាជការទាំងអស់ក្នុងទិដ្ឋភាពយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕