នារសៀលថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលបានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំ ដោយរោគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីជីពម៉ុង អ៉ីអន៣ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ខូយ រីដា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ និងការស្ដាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់រូបកាយរបស់ ឧបាសិកា ឡៅ មួយ ដែលជាការបាត់បង់មាតាបង្កើត មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម។
ឧបាសិកា ឡៅ មួយ គឺជាមាតាដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិកម្ពុជា។ បន្ថែមលើនេះ ឧបាសិកាក៏ជាពុទ្ធសាសនិកដ៏សកម្ម ដែលបានបរិច្ចាគកម្លាំងកាយចិត្ត ក្នុងការលើកតម្កើងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនផងដែរ។
ជាកិច្ចបញ្ចប់នៃពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ឡៅ មួយ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រគល់សារលិខិតរំលែកទុក្ខ ជូនដល់ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមគ្រួសារនៃសពផងដែរ៕






























