ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។
បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋាន។ ឯកឧត្តមបានដាស់តឿនអាជ្ញាធរក្រុងស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ឲ្យបានទាន់ពេលវេលា ខណៈរដូវវស្សាជិតចូលមកដល់ ភ្លៀងលាយឡំខ្យល់កន្រ្តាក់ កើតឡើងជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។ លោកក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដាន ឲ្យបានដិតដល់កុំឲ្យមានបទល្មើស Online Scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម សុខ លូ ណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍គិតគូរសិក្សាដាក់ផ្លាកសញ្ញា កែសម្រួលសញ្ញាចរាចរណ៍ និងគូសគំនូសតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ព្រមទាំងបង្រ្កាបរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេសដឹកសំពីងសំពោងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។
ឯកឧត្តមលើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕











