និយ័តករមូលបត្រកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក


ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ បណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. និងសហការី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំទ្វេភាគីជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក (U.S. SEC) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាង ន.ម.ក. និង U.S. SEC, ចែករំលែកបទពិសោធអំពីការត្រួតពិនិត្យលើទ្រព្យឌីជីថលដោយ ន.ម.ក. និង U.S. SEC ព្រមទាំងការដាក់ចេញគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រដោយប្រទេសទាំងពីរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕