ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Gilles Rocquelain នាយកប្រតិបត្តិនៃក្រុមហ៊ុនបារាំង BRL Ingénierie និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក្នុងកិច្ចជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Gilles Rocquelain និងប្រតិភូក្រុមហ៊ុន BRL Ingénierie ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបំណងពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីទិសដៅការងារអាទិភាពរបស់ក្រសួង ក្នុងការបន្តកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងឧតុនិយម ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ និងធានាឱ្យបាននូវសន្តិសុខទឹកប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា ក្រុមហ៊ុន BRL Ingénierie គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងវិស្វកម្មដ៏ល្បីល្បាញរបស់បារាំង ដែលមានឯកទេសខ្ពស់លើការគ្រប់គ្រងធនធានទឹក កសិកម្ម និងសេវាកម្មបរិស្ថាន។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Compagnie Nationale d’Aménagement de la Région du Bas Rhône et du Languedoc ដែលមានបទពិសោធន៍តាំងពីឆ្នាំ១៩៥៥ មកម៉្លេះ៕