សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំដល់មន្ត្រីនៅក្នុងខេត្តកំពង់ចាម ឱ្យចូលរួមលុបបំបាត់ជម្រកឆបោកអនឡាញ លុបបំបាត់ភាពអសកម្មនៅ មូលដ្ឋានដូចជាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។ ជាពិសេសយកចិត្តទុកដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងលុបបំបាត់ភាពថ្នាំងថ្នាក់ទាំងឡាយរបស់ប្រជាពលរដ្ឋមកលើមន្ត្រី។
នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះមកកាន់មូលដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ដោយចាប់ផ្តើមដំបូងនៅក្នុងខេត្តកំពង់ចាម។ ក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបប្រមាណ ១១៩៣នាក់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជួសមកឱ្យមន្ត្រីនៅក្នុងខេត្តទាំងអស់ បានសម្តែងក្តីរីករាយ និងប្រកបដោយភាពកក់ក្តៅ បានទទួលបដិសណ្ឋារកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា នៅខេត្តកំពង់ចាម មានក្រុង/ស្រុក ចំនួន១០ ឃុំ/សង្កាត់ចំនួន១០៩ និងភូមិចំនួន៩៤៦។ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋ ចំនួន ១.១៥៥.៧០១នាក់ ព្រមទាំងមន្ត្រីរាជការស៊ីវិលចំនួន ១១,៧៣៥នាក់ និងមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុបចំនួន ១,០៤៨នាក់។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា មន្ត្រីរាជការ និងក្រុមប្រឹក្សា នៅតែសស្រាក់សសាំក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រហូតសម្រេចបាននូវសកម្មភាព និងសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។
បើតាមឯកឧត្តមអភិបាលខេត្ត មានសមិទ្ធផលធំៗចំនួន៤ ដែលខេត្តសម្រេចបានរួមមាន៖
១) ការថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្ដេចតេជោ ដែលបាន
បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។
២) ការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី
លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយាល័យប្រជាពលរដ្ឋខេត្តទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងអង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាម បានបញ្ចប់ការវាស់វែងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឆ្នាំ២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។
៣) ការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង
បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨គម្រោងទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២លានដុល្លារ។ ក្រៅពីនេះក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត។
៤) ជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ខេត្ត មានទំហំ ៣,០៧៣លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បានមកពីវិស័យ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩ភាគរយ វិស័យឧស្សាហកម្ម មានចំណែកប្រមាណ ៣៣.៤ភាគរយ និងវិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦ភាគរយ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារក្នុងម្នាក់។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងប្រកបដោយក្តីនឹករលឹកបានវិលមកជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃនេះ។
ក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តោតជាសំខាន់លើការងារនៅតាមមូលដ្ឋាន។ សម្តេចតេជោ បានណែនាំឱ្យយកចិត្តទុកដាក់ រក្សាសន្តិសុខសង្គមឱ្យបានល្អ ព្យាយាមលុបបំបាត់សកម្មភាពអនាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន ជាពិសេសការឆបោកអនឡាញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យខិតខំដោះស្រាយជម្លោះដីធ្លី និងលុបបំបាត់បញ្ហាដីធ្លី តាមរយៈការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ និងជំរុញការចេញបណ្ណកម្មសិទ្ធិដីធ្លី។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងខិតខំលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើមន្ត្រី។ មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ត្រូវយកចិត្តទុកដាក់លើការសេវាឱ្យបានល្អ។ ជាពិសេសត្រូវដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕





































