ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ជិត ១០០គ្រួសារ នៅស្រុកគាស់ក្រឡ


ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ចំនួន៩៩គ្រួសារ នៅស្រុកគាស់ក្រឡ។

ពិធីនេះរួមដំណើរដោយលោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៦ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំង និងយុវជនស្ម័គ្រចិត្តនៃរដ្ឋបាលស្រុកគាស់ក្រឡ។

អំណោយដ៏ថ្លៃថ្លានេះ ទទួលបានការឧបត្ថម្ភពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានឧបត្ថម្ភជាថវិកាសម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩៩គ្រួសារ ចំណាយសរុបថវិកាចំនួន ១២,១៨១,០០០រៀល។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុកគាសក្រឡ ដែលបានឆ្លើយតប និងបំពេញការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ ឬរើសអើងចំពោះប្រជាពលរដ្ឋណាមួយឡើយ។

នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ននេះ ដូចជាគ្រោះធម្មជាតិ ផលប៉ះពាល់កើតចេញពីជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងមជ្ឈិមបូព៌ាជាដើម។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ក្នុងការបន្តបំពេញតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្តាំផ្ញើ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋក្នុងស្រុកគាស់ក្រឡ ឱ្យមានការចូលរួមកសាងសាមគ្គីភាព និងសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជាកម្លាំងក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕