សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកតា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខរបស់ក្រុមគ្រួសារលោកតាគ្រប់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឱ្យយលោកតា ពុត សឿន សម្រាកព្យាបាលឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ជូនសម្តេចអំពីស្ថានភាពជំងឺរបស់លោកតា។ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ក្រុមគ្រួពេទ្យ មកដល់ពេលនេះ ស្ថានភាពរបស់លោកតាមានការប្រសើរច្រើន និងអាចវិលត្រលប់ទៅគេដ្ឋានវិញ នៅថ្ងៃចន្ទនេះ ប្រសិនបើមិនមានអ្វីប្រែប្រួល។

ទន្ទឹមនឹងនោះផងដែរលោកឃំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏ផ្តាំផ្ញើលោកនាយកមន្ទីរពេទ្យត្រូវទទួល និងរៀបចំឱ្យបានល្អប្រសើរ ក្នុងការជូនលោកតា និងក្រុមគ្រួសារ នៅពេលដែលត្រលប់ទៅគេហដ្ឋានវិញ ប្រកបដោយសុខនិងសុវត្ថិភាព។

លោកតា ពុត សឿន បានចូលសម្រាកនៅមន្ទីរពេទ្យ មូលហេតុដោយសារ តែស្ថានភាពសុខភាពខ្សោយ ពិបាកពិសារអាហារ និងទល់លាមក។ ប៉ុន្តែក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ថ្ងៃនេះលោកតាមានសុខភាពល្អប្រសើរជាងមុន និងពិសារអារហារបានផងដែរ។

លោកតា ពុត សឿន ក៏បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខនាពេលនេះ និងបានថ្លែងអំណេរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុក្ខដាក់ក្នុងការព្យាបាល ថែទាំសុខភាព បានយ៉ាងល្អជូននាពេលនេះ។

គួររំលឹកផងដែរថា លោកតា ពុត សឿន អាយុ ៩៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោកតា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងបានសុំការអនុញ្ញាតលោកតា ធ្វើជាឪពុកធម៌ និងបានធានាចិញ្ចឹមលោកតាពេញមួយជីវិត និងផ្តល់ផ្ទះទេវតា ១ខ្នងជូនលោកតា កាលពីពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦៕