នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅភារកិច្ចបន្ដសម្រាប់ខែឧសភា របស់គណបក្សខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានទី១ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។
ជាកិច្ចចាប់ផ្ដើម លោក អុិន ឃុន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារសម្រេចបាន និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលក្នុងខែមេសាកន្លងទៅ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ណែនាំជូនដល់ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តថែរក្សា នូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងលើកទឹកចិត្តឱ្យមានការរាយការណ៍ជាប្រចាំ។
ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋក្នុងខេត្ត តាមដែលអាចធ្វើទៅបាន និងបន្តពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលសុខទុក្ខរបស់ពួកគាត់គឺជាស្នូល នៃបេសកកម្មរបស់គណបក្សយើង៕













