កំពង់ធំ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា ស្រុក-ក្រុង ឃុំ-សង្កាត់ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក-ក្រុង ជាច្រើនរូប ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ទាំង ៨១ ដែលបានចូលរួមតាមប្រព័ន្ធ Zoom ផងដែរ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំរួចមក, ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណបក្សនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាធ្វើឱ្យខេត្តកំពង់ធំកំពុងមានចលនការវិជ្ជមានទៅមុខ ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ខេត្ត និងប្រជាជនខេត្តកំពង់ធំ ទាំងការអភិវឌ្ឍមូលដ្ឋាន ទាំងសតិអារម្មណ៍របស់ប្រជាជន ដែលជាចំណែកមួយយ៉ាងសំខាន់នៃបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ម្ខាងបម្រើប្រជាជន និងម្ខាងទៀតពង្រឹងនិងពង្រីកមូលដ្ឋានគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមាគ៌ាឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។ ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានសម្ដែងនូវការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងប្រជាជនខេត្តកំពង់ធំទាំងអស់ ដែលបានរៀបចំនិងចូលរួមព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» និងការធ្វើជាម្ចាស់ផ្ទះនៃពិធីអបអរសាទរ «ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩» នាពេលកន្លងមក បានយ៉ាងល្អប្រសើរ និងយ៉ាងអធិកអធម។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ស្ថិតក្នុងបរិការណ៍បច្ចុប្បន្នដែលស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកកំពុងបែកបាក់ និងរង្គោះរង្គើ, កម្ពុជាយើងដែលជាប្រទេសតូច ខ្សោយ និងមានសេដ្ឋកិច្ចបើកចំហរ គឺងាយនឹងរងគ្រោះដោយសារផលប៉ះពាល់ពីខាងក្រៅ ហើយយើងកំពុងប្រឈមនឹងបញ្ហាធំៗចំនួន៤ ទី១. ការឈ្លានពាន របស់ថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ទី២. ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទី៣. បញ្ហាសេដ្ឋកិច្ច និង ទី៤. បញ្ហាជីវភាពប្រជាជន ពិសេសផលប៉ះពាល់ពីបញ្ហាប្រេងឡើងថ្ងៃ។ ចំពោះមុខស្ថានភាពទាំងនេះ ទាមទារឱ្យយើងទាំងអស់គ្នាត្រូវមានការភ្ញាក់រឭក មិនត្រូវភ្លេចខ្លួន ត្រូវរក្សាឱ្យបាននូវសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ត្រូវហ៊ានលះបង់ កែទម្រង់ ចេះចែករំលែក និងពង្រឹងសមត្ថភាពឱ្យបានរឹងមាំ ដើម្បីធានាភាពធន់នៃប្រទេស ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា និងរក្សាបាននូវលំនឹងជីវភាពប្រជាជន។
ឯកឧត្តម វង្សី វិស្សុត បានផ្ដល់គោលការណ៍ណែនាំ ក៏ដូចជាដំណោះស្រាយជាក់ស្ដែងមួយចំនួន ចំពោះបញ្ហាប្រឈមនិងសំណូមពរដែលបានលើកឡើងដោយប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់នានា និងបណ្ដាក្រុង ស្រុក ដូចជា តម្រូវការផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ទំនប់ទឹក ការដោះស្រាយបញ្ហាដីធ្លី នេសាទ និងបញ្ហាថ្លៃកសិផល ព្រមទាំងសេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាដើម។
ឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំឱ្យទាំងអស់គ្នា ចូលរួមរែកពន់ការលំបាកដែលប្រទេសជាតិយើងកំពុងជួបប្រទះ ស្របតាមឧត្តមគតិរបស់គណបក្ស ព្រមទាំងខិតខំប្រែក្លាយបញ្ហាប្រឈម ឱ្យទៅជាឱកាស តាមរយៈការលើកកម្ពស់សមត្ថភាពនិងបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគពីខាងក្រៅ និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ព្រមទាំងភ្ជាប់ការផលិតទៅនឹងទីផ្សារ ដោយផ្ដោតលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីឱ្យខេត្តកំពង់ធំ ក្លាយជាកន្លែងប្រមូលផ្ដុំ និងជា Hub មួយ ដែលប្រមូលកម្លាំងសេដ្ឋកិច្ច ផលិតផលសេដ្ឋកិច្ច និងការតភ្ជាប់ខ្សែច្រវាក់តម្លៃនៃខេត្តតាមព្រំដែន ភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចគោល និងប្រែក្លាយទៅជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម និងរួមចំណែកជាចន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ស្របតាមចក្ខុវិស័យរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី «លែងឱ្យខេត្តកំពង់ធំជាកន្លែងដែលទៅហួសមកហួស ទាំងការវិនិយោគ ពាណិជកម្ម ទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍»។ ទន្ទឹមនេះ ត្រូវចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ បង្កើតការងារ មុខរបរថ្មី មុខរបរបន្ថែម និងការបង្កើនប្រាក់ចំណូលបន្ថែមរបស់ប្រជាជន ពិសេសយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភប្រជាជនជួបការលំបាកផ្នែកជីវភាព ក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះ។
ឯកឧត្ដម វង្សី វិស្សុត បានណែនាំដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចក្នុងខេត្តកំពង់ធំ ឱ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ អំពើត្រឹមត្រូវ ពិសេសពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ទាំងសេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេវារដ្ឋបាលផ្សេងៗទៀត, សេវាអាជីវកម្មនិងធុរកិច្ច និងការបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អប្រសើរសម្រាប់អាជីវកម្ម មុខរបរ និងវិនិយោគ, សេវាសង្គមកិច្ច សេវាអប់រំ សុខាភិបាល និងគាំពារសង្គម និងសេវាយុត្តិធម៌ ព្រមទាំងធានានូវសមធម៌និងយុត្តិធម៌សង្គម ដោយឈរលើប្រយោជន៍ប្រជាជនជាធំ (People-centered policy)។ ឯកឧត្តម ក៏បានស្នើឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនបន្ធូរដៃនិងគ្មានការលើកលែង ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ដើម្បីសន្តិសុខជាតិ ប្រយោជន៍ជាតិ ព្រមទាំងកេរ្តិ៍ឈ្មោះប្រទេស។
ឯកឧត្តម វង្សី វិស្សុត ក៏បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋាន បន្តចុះជួបផ្ទាល់និងផ្សារភ្ជាប់ជាមួយប្រជាជន ដើម្បីបង្កើនភាពជិតស្និទ្ធ យល់គ្នា ដឹងពីបញ្ហាសុខទុក្ខ បញ្ហាប្រឈមរបស់ប្រជាជន និងស្វែងយល់អំពីស្ថានភាពពិតជាក់ស្តែង ក៏ដូចជាដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់ប្រជាជនពាក់ព័ន្ធការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធានាស្ថិរភាពថ្លៃនិងការផ្តត់ផ្គងប្រេង និងការដោះស្រាយបញ្ហាព្រំដែននិងបញ្ហាសង្គមផ្សេងៗទៀត ព្រមទាំងជួយដោះស្រាយបញ្ហានៅនឹងកន្លែងប្រសិនបើអាច ដើម្បីទទួលបានការស្រឡាញ់ ជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាជនមកលើគណបក្ស។ លើសពីនេះ ត្រូវបន្តការងារកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ ការជំរុញ
កសាងសមាជិកគណបក្ស ទាំងបរិមាណនិងគុណភាព ការរៀបចំកម្លាំងយុវជននិងស្ត្រីក្នុងការបន្តវេន ការពង្រឹងអង្គការចាត់តាំងយុវជនឱ្យក្លាយជាកម្លាំងស្រួចរបស់គណបក្ស ការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សឱ្យបានល្អប្រសើរ ពង្រឹងការងារសតិអារម្មណ៍នយោបាយ និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិតនានា ព្រមទាំងចូលរួមរៀបចំនិងប្រែក្លាយផែនការឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការសម្រេចបាននូវចក្ខុវិស័យ
ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសឈានឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។


