អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាពការរុះរើសំណង់ច្រាំងស្ទឹងពោធិ៍សាត់ និងជំរុញការងារកែលម្អសោភ័ណ្ឌភាពក្រុង ឱ្យកាន់តែស្រស់បំព្រង


(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃការរុះរើសំណង់បណ្តោះអាសន្នផ្សេងៗ ដែលស្ថិតនៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចស្ពានថ្មថ្មីមុខសាលាខេត្ត រហូតដល់ស្ពានដែក ដើម្បីពន្លឿនការងារចាក់ដីបំពេញបន្ថែម និងរៀបចំកែលម្អសោភ័ណ្ឌភាពក្រុង ឱ្យមានភាពទាក់ទាញ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង ៣ឆ្នាំនៃអាណត្តិដឹកនាំរបស់លោក ការរៀបចំច្រាំងស្ទឹងឱ្យមានរបៀបរៀបរយ គឺជាកិច្ចការអាទិភាពបំផុតមួយ ដើម្បីប្រែក្លាយមុខមាត់ខេត្តពោធិ៍សាត់ឱ្យទៅជាទីក្រុងស្អាត និងគួរឱ្យចង់រស់នៅ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការទុកឱ្យមានសំណង់រាយប៉ាយតាមមាត់ស្ទឹង មិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណ្ឌភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ តាមរយៈការបាក់ស្រុតច្រាំងស្ទឹង និងការរស់នៅខ្វះអនាម័យ។ ផ្ទុយទៅវិញ ការអភិវឌ្ឍច្រាំងស្ទឹងឱ្យមានរបៀបរៀបរយ នឹងផ្តល់គុណប្រយោជន៍មហាសាល ទាំងផ្នែកបរិស្ថាន សុខុមាលភាពសាធារណៈ និងការទាក់ទាញភ្ញៀវទេសចរ ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន របស់បងប្អូនផ្ទាល់។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តមិនបានបោះបង់បងប្អូនប្រជាពលរដ្ឋនោះឡើយ ពោលគឺបានរៀបចំការដោះដូរចេញពីដីចំណីស្ទឹង និងដីសាធារណៈរបស់រដ្ឋ ដែលជាតំបន់ប្រឈមគ្រោះថ្នាក់ មករស់នៅលើទីតាំងថ្មីដែលមានសុវត្ថិភាព និងមានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ ដោយត្រៀមបង្កើតកូនផ្សារមួយ ដើម្បីឱ្យបងប្អូនអាចរស់នៅលក់ដូរបានយូរអង្វែង និងមានសិទ្ធិពេញលេញលើដីធ្លីរបស់ខ្លួន។

ឯកឧត្តមបានគូសបញ្ជាក់ថា គោលបំណងសំខាន់ នៃការចុះមកនាថ្ងៃនេះ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាពនៃការរុះរើ ថាតើសម្រេចបានប៉ុន្មានភាគរយហើយ និងស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនជួបប្រទះ ដើម្បីឱ្យឯកឧត្តមអាចផ្តល់ការអន្តរាគមន៍ និងជួយសម្របសម្រួលបានទាន់ពេលវេលា សំដៅធានាឱ្យការងារចាក់ដីបំពេញ និងការរៀបចំសួនច្បារតាមមាត់ស្ទឹងអាច ដំណើរការទៅតាមផែនការគ្រោងទុក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនទាន់បានចូលរួម សូមមេត្តាសហការ និងរុះរើសំណង់ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តយើងទាំងអស់គ្នា និងដើម្បីចៀសវាងការឈានទៅដល់ការអនុវត្តវិធានការច្បាប់ ដែលអាជ្ញាធរមិនចង់ឱ្យកើតមានឡើងឡើយ។

សូមបញ្ជាក់ថា គម្រោងកែលម្អសោភ័ណ្ឌភាពច្រាំងស្ទឹងពោធិ៍សាត់នេះ នឹងប្រែក្លាយតំបន់នេះឱ្យទៅជាលំហសាធារណៈដ៏ស្រស់បំព្រង សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាកន្លែងហាត់ប្រាណ កម្សាន្ត និងសម្រាកលំហែកាយ បន្ទាប់ពីការងាររៀបចំខឿន និងចាក់ដីបំពេញបន្ថែមត្រូវបានបញ្ចប់ជាស្ថាពរ៕