កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង


នាព្រឹកថ្ងៃចន្ទ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការសងសង់សំណង់នានាដែលរំលោភមកដីចំណីផ្លូវសាធារណៈនិងត្រូវចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា ពិសេសៃណ្តាប់ធ្នាប់នៅតាមដងផ្លូវ។
២.អាជ្ញាធរពាក់ព័ន្ធ និងការិយាល័យចំនាញត្រូវផ្តោតការយកក្នុងពិនិត្យគុណភាពផ្លូវដែលបានដេញថ្លៃរួច ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសធានាដល់ការប្រើប្រាស់ ។
៣. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អជូនប្រជាពលរដ្ឋ ការបង្ក្រាបក្មេងទំនើងជាដើម។
៤.ពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៥.រដ្ឋបាលក្រុង/ស្រុកត្រូវ បន្តការសហការតាមដាននូវបណ្តាអាគារស្នាក់នៅនានា និងចុះពិនិត្យតាមដានជាប្រចាំជៀសវាងមានការលួចលាក់ប្រព្រឹត្តបទល្មើសស្គែមអនឡាញ។
៦.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតិឱ្យលោក លោកស្រីដែលមានវត្តមានក្នុងប្រជុំនេះ បានលើកឡើងនិងរាយការណ៍ពីបញ្ហានានាដែលកើតមានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីជាធាតុចូលសម្រាប់ធ្វើដោះស្រាយអំពីបញ្ហាទាំងនោះផងដែរ។