ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ ស្មើ ៣,៨២០បណ្ណ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ព្រមទាំងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋជាង ១ពាន់នាក់ នាបរិវេណវត្តមុនីសាគរ ហៅវត្តដងក្តោង ស្ថិតនៅភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការវាស់វែង និងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជាពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា ពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាព ច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍមានភូមិ ឃុំ ស្រុក ក្រុង ខេត្តមានភាពងាយស្រួល។

ឯកឧត្តម បានលើកឡើងថា ប្រជាពលរដ្ឋពិតជាសប្បាយរីករាយដែល បានទទួលបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួនកាន់កាប់ និងប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក្រោយពីដាក់ចុះគោលនយោបាយបែងចែកកម្មសិទ្ធិដីធ្លី ក្នុងទសវត្សរ៍១៩៨០ ដូចឪពុកផ្តល់ដីជូនកូនៗ ហើយរហូតបន្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរៀបចុះវាស់វែងចេញបណ្ណបង្ហើយ ដែលជាមរតកសម្តេចតេជោ ហ៊ុន សែន បានបន្សល់ទុកឱ្យ។ ចំពោះចំណុចនេះបានប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព ដែលអនុញ្ញាតឱ្យរដ្ឋអាចចុះបញ្ជីសម្គាល់ម្ចាស់អចលនវត្ថុនេះបាន។

ឯកឧត្តម បានបន្តថា កត្តាសុខសន្តិភាព ដែលនាំឱ្យកម្ពុជាអាចធ្វើកំណែទម្រង់ការចុះបញ្ជីដីធ្លី គឺជាគ្រឹះនៃសន្តិសុខសេដ្ឋកិច្ចគ្រួសារ ជាមួយគ្នានេះបណ្ណកម្មសិទ្ធិ មិនមែនត្រឹមជាក្រដាស ប៉ុន្តែ ជាអនាគតរបស់ប្រជាពលរដ្ឋ។ គោលនយោបាយដីធ្លី គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្លោះ។គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ៖ ធានាសិទ្ធិកាន់កាប់ដីធ្លីច្បាស់លាស់ដល់ប្រជាពលរដ្ឋ, កាត់បន្ថយជម្លោះដីធ្លីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគ, គ្រប់គ្រង និងប្រើប្រាស់ដីធ្លីយ៉ាងមានប្រសិទ្ធភាព និងចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដោយបានធ្វើកំណែទម្រង់លើវិស័យដីធ្លីជូនប្រជាពលរដ្ឋ និងបានដាក់ចេញនូវយុទ្ធនាការវាស់វែងដីធ្លី ក្នុងគោលបំណងកាន់កាប់ដីធ្លីច្បាស់លាស់ មានសុវត្ថិភាព និងមានមូលដ្ឋានច្បាប់រឹងមាំ និងដើម្បីធានាដល់ចរន្តការ ឯកសារ ការគ្រប់គ្រងបច្ចុប្បន្នភាពព័ត៌មានដីធ្លី និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «រដ្ឋាភិបាលមានគោលនយោបាយផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ​។ ដូច្នេះដីធ្លីវាមិនមែនតែជាទ្រព្យសម្បត្តិទេ ក៏ប៉ុន្តែ វាក៏ជាគន្លឹះនៃសន្តិសុខសង្គម និងសេដ្ឋកិច្ចគ្រួសារ មានន័យថា ទ្រព្យសម្បត្តិ កាត់បន្ថយជម្លោះ សេដ្ឋកិច្ចគ្រួសារ អ៊ុំពូមីង អាចយកប្លង់ដីហ្នឹងអាចដោះដូរ ដើម្បីពង្រីកចំណូលគ្រួសារ»

បើតាមលោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ ក្រុមការងារគ្រប់គ្រងតំបន់វិនិច្ឆ័យ ជាមួយ អាជ្ញាធរស្រុក ឃុំ ភូមិ និងមានការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានបន្តចេញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូន ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន ០៥ភូមិ គឺភូមិពង្រ១ ភូមិពង្រ២ ភូមិពង្រ៣ ភូមិដងក្តោង និងភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣,៨២០ក្បាលដី ស្មើនឹង ២,៣៤០គ្រួសារ។

ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ ត្រូវថែរក្សាឱ្យបានល្អ ប្រើប្រាស់ឱ្យ មានប្រសិទ្ធភាព និងគោរពតាមច្បាប់ ដើម្បីធានាថាកម្មសិទ្ធិដីធ្លីមានសុវត្ថិភាព និងចីរភាព៕