អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយសម្រេចបាន ចំនួន៩១៧,៧៩៥ក្បាលដី និងបានផ្តល់បណ្ណកម្មសិទ្ធិដី ចំនួន៨៨៦,០៤៥បណ្ណ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម វុឌ្ឍី វណ្ណរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានបញ្ចប់ ១០០% ចាប់តាំងពីការចាប់ផ្តើមអនុវត្ត ក្នុងអំឡុងឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០២៥ គឺជាកត្តាមួយនៃការជំរុញកំណើនសេដ្ឋកិច្ច ដោយខេត្តមានកំណើនសេដ្ឋកិច្ច៨.៣% ស្មើនឹង៣.០៧៣លានដុល្លារ និងមាន GDP មនុស្សម្នាក់ៗ មានចំណូលកើនឡើងដល់ ២.៨៣០ដុល្លារ ក្នុងមួយឆ្នាំ។
លទ្ធផលដ៏គួរឱ្យមោទនភាពនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ឡើយ ជាពិសេស ក្រោមការចង្អុលណែនាំពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដោយមាន លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់។
ទន្ទឹមនឹងលទ្ធផលក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានបញ្ចប់យើងអាចកំណត់បាននូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងព្រំប្រទល់ខេត្ត ដ៏ជាក់លាក់សម្រាប់អនុវត្តការងារដ្ឋបាលដែនដីបន្តទៅមុខ។ នេះជាបញ្ជាក់បន្ថែម របស់លោកអភិបាលខេត្ដ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម វុឌ្ឍី វណ្ណរ៉ា បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើឲ្យខេត្តកំពង់ចាម មានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ និងមានការប្រែប្រួលមុខមាត់កាន់តែមានសោភណ្ឌភាព ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ព្រមទាំងសមិទ្ធផលរូបន្តជាច្រើនទៀត។
ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារវាស់វែង និងកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម រហូតឈានដល់ការរៀបចំចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះផងដែរ៕










