រដ្ឋមន្រ្តីសុខាភិបាល ជំរុញគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។

ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់ & មូន រីវើសាយ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា «បច្ចុប្បន្នមានប្រជាជនប្រមាណ ១.៦លាននាក់កំពុងប្រើប្រាស់ថ្នាំជក់ ស្មើនឹង ១០% នៃប្រជាជនសរុប ដែលចំនួននេះនៅតែខ្ពស់នៅឡើយ។ ដូចនេះជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិចឱ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព ស្របតាមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ជាអាទិភាពចម្បង និងតាមផែនការជាតិឆ្នាំ ២០២៥-២០៣០ បានកំណត់គោលដៅកាត់បន្ថយអត្រាប្រើប្រាស់ថ្នាំជក់ឱ្យបានយ៉ាងតិច ៣០% នៅឆ្នាំ ២០៣០»

ជាមួយគ្នានេះយើងសង្កេតឃើញថា ការដាក់លក់បារីដែលគ្មានរូបភាពព្រមានសុខភាពនៅតែមាន ហើយបារីនេះទៀតសោត គឺជាកត្តាហានិភ័យចម្បងនៃជំងឺសួត និងមហារីក មិនតែប៉ុណ្ណោះការជក់បារី មិនត្រឹមតែបង្កជំងឺមហារីកសួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជំងឺបេះដូង សរសៃឈាម និងជំងឺមិនឆ្លងផ្សេងៗ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលថ្នាំជក់ថ្មីៗក្នុងចំណោមសិស្ស និស្សិតតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ចាប់ពីក្នុងគ្រួសាររហូតដល់សាលារៀន និងសហគមន៍។ ការការពារយុវជនពីគ្រឿងញៀន និងថ្នាំជក់ គឺជាការធានានូវសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតជាតិ។

ឯកឧត្តមសាស្រ្តាចារ្យបានបន្តថា «យើងត្រូវរួមគ្នាបង្កើតវប្បធម៌ថ្មីមួយ ដែលមិនគាំទ្រការជក់បារីនៅតាមទីសាធារណៈ ឬក្នុងកម្មវិធីសង្គមផ្សេងៗ។ ការជក់បារីមិនមែនជាការនិយម ឬជាការផ្តល់កិត្តិយសដល់ម្ចាស់ផ្ទះទៀតនោះទេ ប៉ុន្តែវាជាការរំខាន និងប៉ះពាល់ដល់សុខភាពអ្នកដទៃ និងត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់បារីនៅទីតាំងហាមឃាត់ និងត្រូវមានវិធានការ “ក្តៅដូចដំដែក” ក្នុងការបង្ក្រាបការនាំចូល ឬចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីឈានទៅសម្រេចគោលដៅកាត់បន្ថយការប្រើប្រាស់ឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០៣០»

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ រដ្ឋបាលរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងជំរុញយ៉ាងសកម្ម ក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកត្តាហានិភ័យរបស់ប្រជាជនកម្ពុជាពីជំងឺមិនឆ្លង។

សូមជម្រាបថាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ធ្វើឡើងក្នុងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពិភាក្សាអំពីអាទិភាពការងារចំពោះមុខ ក្នុងផែនការយុទ្ធសាស្ត្រ និងការអប់រំកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នាពេលខាងមុខ៕